សិក្ខាសាលាអប់រំផ្សព្វផ្សាយសេវាធានារ៉ាប់រងអាយុជីវិតរបស់ព្រូដិនសលកម្ពុជា វិលមកកាន់រាជធានីភ្នំពេញ
វគ្គអប់រំផ្សព្វផ្សាយសេវាធានារ៉ាប់រងអាយុជីវិតលើកទី៣ ក្នុងចំណោមវគ្គអប់រំទាំង១៤របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជាធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិផ្តាច់មុខនៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននាំយកវគ្គអប់រំផ្សព្វផ្សាយសេវាធានារ៉ាប់រងអាយុជីវិតដ៏ពេញនិយម របស់ខ្លួនវិលមកកាន់រាជធានីភ្នំពេញវិញ នៅខែមិថុនា ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ក្រុមគ្រួសារនៅក្នុងរាជធានីភ្នំពេញ។
វគ្គអប់រំផ្សព្វផ្សាយដែលមានការសហការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអប់រំប្រជាជនកម្ពុជាអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិត។
ដើម្បីឪ្យស្របទៅនឹងគោលបំណងរបស់ក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មានដែលមានសារប្រយោជន៍អំពីផលិតផលធានារ៉ាប់រងអាយុជីវិតដល់ទីផ្សារកម្ពុជានោះ។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននឹងកំពុងរៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយនៅតាមរាជធានីនិងតាមខេត្តផ្សេងៗមួយចំនួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ។
វគ្គអប់រំផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងអាយុជីវិតលើកទីមួយ បានប្រព្រឹត្តទៅកាលពីខែមេសា ក្នុងរាជធានីភ្នំពេញ និងលើកទីពីរនៅខែឧសភា ក្នុងខេត្តបាត់ដំបង។ កម្មវិធីអប់រំនីមួយៗមានការចូលរួមពីប្រជាជនកម្ពុជាជាច្រើនរយនាក់។
លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា “រាជធានីភ្នំពេញ គឺជាតំបន់រស់នៅដ៏សំខាន់មួយរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ ហេតុដូចនេះ បានជាយើងនាំយកវគ្គអប់រំផ្សព្វផ្សាយនេះត្រឡប់មកកាន់រាជធានីភ្នំពេញម្តងទៀត”។ លោកបន្តថា “សិក្ខាសាលាអប់រំដែលប្រព្រឹត្តទៅជាលើកទីពីរនៅក្នុងក្រុងភ្នំពេញនេះ នឹងទទួលបាននូវការចាប់អារម្មណ៍ពីអ្នកចូលរួមកាន់តែច្រើនថែមទៀតផងដែរ។”
តាមរយៈវគ្គអប់រំផ្សព្វផ្សាយនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានគោលបំណងអប់រំផ្សព្វផ្សាយដល់អតិថិជន អំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងអាយុជីវិតនៅទូទាំងប្រទេសកម្ពុជា និងការបង្ហាញប្រជាពលរដ្ឋខ្មែរសាមញ្ញអំពីការរៀបចំផែនការហិរញ្ញវត្ថុនាថ្ងៃអនាគត។
ទាក់ទងទៅនឹងវគ្គអប់រំផ្សព្វផ្សាយនេះ ឯកឧត្តម ម៉ី វ៉ាន់ ប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “គ្មានអ្វីគួរឲ្យសង្ស័យនោះទេដែលថាសេវាធានារ៉ាប់រងអាយុជីវិតនឹងដើរតួនាទីសំខាន់ក្នុងការជួយគ្រួសារកម្ពុជា ក្នុងការការពារមនុស្សជាទីស្រលាញ់របស់ខ្លួន និងការសន្សំប្រាក់សម្រាប់អនាគតកូនៗរបស់ពួកគេ។ ផលិតផលធានារ៉ាប់រងអាយុជីវិត គឺជាផលិតផលការពារហិរញ្ញវត្ថុរយៈពេលវែងមួយ ដែលយើងផ្តល់អនុសាសន៍ដល់ក្រុមគ្រួសារទាំងអស់ឲ្យយកមកពិចារណា។ ក្នុងនាមជាបញ្ញតិ្តករធានារ៉ាប់រងអាយុជីវិត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានបំណងធ្វើយ៉ាងណាឲ្យមានវគ្គអប់រំផ្សព្វផ្សាយដ៏សមស្រប ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពី វិស័យឧស្សាហកម្មដែលពាក់ព័ន្ធនេះ ដូចដែលមានការបង្ហាញឡើងតាមរយៈវគ្គអប់រំផ្សព្វផ្សាយដែលរៀបចំដោយក្រុមហ៊ុន ព្រូដិនសលកម្ពុជា។”
កម្មវិធីអប់រំបន្ទាប់របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមិថុនា ក្នុងខេត្តសៀមរាប៕