ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ពង្រីកសេវាធានារ៉ាប់រងអាយុជីវិតទូទាំងប្រទេសកម្ពុជា

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឲ្យដឹងថា ប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាធានារ៉ាប់រងអាយុជីវិត បានគ្របដណ្ដប់គ្រប់បណ្ដា ខេត្តក្រុងទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានចូលមកធ្វើអាជីវកម្មនៅកម្ពុជាបានរយៈពេលជាងពីរឆ្នាំ ។

បច្ចុប្បន្ន ការផ្ដល់សេវាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺធ្វើឡើងតាមរយៈធនាគារក្នុង ស្រុកធំបំផុតនៅកម្ពុជា គឺធនាគារអេស៊ីលីដា ដែលជាដៃគូយុទ្ធសាស្ត្រក្នុងការចែកចាយផលិតផលធានារ៉ាប់រង អាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយនិងតាមរយៈទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតសកម្មដែលមានចំនួន 1ពាន់នាក់ជាងនៅក្នុងទីក្រុងភ្នំពេញ។

ការពង្រីកខ្លួនទៅគ្រប់បណ្ដាខេត្តក្រុងនេះបានធ្វើឡើង បន្ទាប់ពីប្រជាជនកម្ពុជាមានការយល់ដឹងពីអត្ថប្រយោជន៍ និងសារៈសំខាន់ ក៏ដូចជាមានតម្រូវការកាន់តែកើនឡើង លើការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត។

លោក ហុង ហេង ដែលជាអ្នកជំនាញធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រចាំខេត្តសៀមរាប បានថ្លែងថា៖ “ជាទូទៅ ពីមួយថ្ងៃទៅមួយថ្ងៃ យើងឃើញពីកំណើនអតិថិជនដែលបាន ចូលមកប្រើប្រាស់សេវាកម្មធនាគារ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ឃើញពួកគាត់សាកសួរច្រើនអំពីសេវាកម្មធានារ៉ាប់រង ។ ដូច្នេះ នៅទីនេះ មានអតិថិជនជាច្រើន ដែលគាត់កំពុងសាកសួរបន្ថែមអំពី សេវាកម្មធានារ៉ាប់រងអាយុជីវិត ថាតើនៅពេលដែលគាត់ប្រើប្រាស់វាមានអត្ថប្រយោជន៍អ្វីខ្លះដល់ពួកគាត់”

លោក អៀន គឹមឆៃ ជាអ្នកជំនាញធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ម្នាក់ទៀត ប្រចាំខេត្តតាកែវបានឲ្យដឹងថា ប្រជាជនបានយល់ដឹងកាន់តែច្រើនឡើងៗ អំពីសេវាធានារ៉ាប់រងអាយុជីវិតនេះ ។

លោក អៀន គឹមឆៃ បានថ្លែងថា៖ ”និយាយរួម តាំងពីខ្ញុំមកធ្វើការនៅទីនេះ ដំបូង ការយល់ដឹងរបស់គាត់នៅមានកម្រឹតដែរ ។ ក្រោយពីយើងបានចុះផ្សព្វផ្សាយដល់គាត់ទៅ ឃើញថា គាត់ចាប់អារម្មណ៍នូវសេវាធានារ៉ាប់រង ព្រោះអីវាជាការសន្សំ ហើយការការពារគាត់”

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបោះជំហានចូលមកក្នុងទីផ្សារកម្ពុជាកាលពីដើមឆ្នាំ 2013 ។ ចាប់តាំងពីបើកដំណើរការនៅកម្ពុជាមក រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានលក់បណ្ណសន្យារ៉ាប់រងបានប្រមាណជាជាង 15,000 បណ្ណប្រហែលនឹង ទឹកប្រាក់ធានារ៉ាប់រងចំនួន 150 លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី31 ខែធ្នូ 2014។

លោក គ្រី ប៊ីរា អតិថិជនម្នាក់នៅខេត្តតាកែវបានថ្លែងថា៖ “បានជាខ្ញុំទិញ សេវាធានារ៉ាប់រងអាយុជីវិតនេះ ព្រោះវាអាចជួយខ្ញុំដល់ពេល ថ្ងៃក្រោយទៅវាជាប្រាក់សន្សំផន់ខ្ញុំផង ។ យើងសន្សំ វាតិចៗដល់ពេលថ្ងៃក្រោយ ប្រាក់នោះជាប្រាក់របស់ខ្ញុំវិញដដែល”

ចំណែកឯអតិថិជនម្នាក់ទៀត គឺអ្នកស្រី អ៊ឹម ស្រីអូន បាននិយាយស្រដៀងគ្នាដែរថា៖ “[ខ្ញុំទិញសេវាធានារ៉ាប់រងអាយុជីវិត] ពីព្រោះខ្ញុំ ទុកសម្រាប់ពេលចាស់ ។ ហើយក្រែងលោ យើងមានគ្រោះថ្នាក់អីមួយ ក្រុមហ៊ុនធានារ៉ាប់រងព្រូដិនសលជួយជំនួយជាលុយកាក់ឲ្យកូនខ្ញុំ ដើម្បីបណ្ដោះជីវភាពរបស់កូនទៅថ្ងៃមុខ។ ខ្លាចកូន វាអត់សូវមានលុយ យើងសន្សំ លុយទុក។ យើងមើលអត់ឃើញ ក្រែងលោយើង មានគ្រោះថ្នាក់អី អ៊ីចឹង មានលុយធានារ៉ាប់រងទុក ទុកជំនួយឲ្យកូន”

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានផ្ដោតសំខាន់លើការអប់រំអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាការកសាងផែនការ ហិរញ្ញវត្ថុរយៈពេលវែងដល់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ តាមរយៈសិក្ខាសាលាអប់រំផ្សេងៗ ដោយសហការជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជួយដល់ការផ្ដល់ព័ត៌មាន និងអប់រំបន្ថែមអំពីសេវាធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនថែមទាំងបានបើកមជ្ឈមណ្ឌលសេវាអតិថិជន របស់ខ្លួន ដើម្បីអាចឲ្យប្រជាជនទូទៅចូលជួបជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយសាកសួរអំពី សេវាធានារ៉ាប់រងអាយុជីវិត និងការកសាងផែនការហិរញ្ញវត្ថុសម្រាប់អនាគតដោយផ្ទាល់។

ជាមួយនឹងវត្តមាននៅគ្រប់ទីកន្លែង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសលកម្ពុជា បានជូយសម្រួលដល់ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង ក្នុងការទទួលបានការធានា និងការកសាងផែនការហិរញ្ញវត្ថុសម្រាប់ពេលអនាគតកាន់តែ ងាយស្រួល និងមានសុវត្ថិភាព។

Back to Top