កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ព្រូដិនសល–អេស៊ីលីដា ចាប់ផ្ដើមដំណើរការ ដើម្បីគាំទ្រនិស្សិតកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2026 – ក្រុមហ៊ុន ព្រូដិនសល កម្ពុជា សហការជាមួយសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងដោយមានការគាំទ្រពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ព្រូដិនសល–អេស៊ីលីដា ដើម្បីជួយនិស្សិតកម្ពុជាដែលមានសក្ដានុពលខ្ពស់ ឱ្យទទួលបានការអប់រំថ្នាក់ឧត្តមសិក្សា។
ខណៈដែលក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងឈានដល់ខួប 15 ឆ្នាំនៃភាពជាដៃគូប៊េងកាសួរេន របស់ខ្លួន នៅខែមករា ឆ្នាំ 2028 កម្មវិធីអាហារូបករណ៍នេះ គឺជាជំហានដ៏មានអត្ថន័យមួយទៀតនៃកិច្ចសហការដ៏យូរអង្វែងរបស់យើង។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖
«យើងជឿជាក់ថា ជោគជ័យនៃភាពជាដៃគូ មិនត្រូវបានវាស់វែងត្រឹមតែតាមរយៈរយៈពេលនៃកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈផលវិជ្ជមានដែលយើងរួមគ្នាបង្កើតសម្រាប់អតិថិជន សហគមន៍ និងសេដ្ឋកិច្ចជាតិផងដែរ។ ការគាំទ្រ និងការវិនិយោគលើវិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការបង្កើតឱកាសឱ្យយុវជនជំនាន់ក្រោយ អភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព»។
អាហារូបករណ៍ចំនួន 5 កន្លែង នឹងត្រូវបានផ្ដល់ជូននៅឆ្នាំ 2026 ដល់និស្សិតដែលបន្តការសិក្សានៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB)។ ដោយអាស្រ័យលើការអនុម័តប្រចាំឆ្នាំ យើងនឹងបន្តផ្តល់អាហារូបករណ៍ 5 កន្លែងក្នុងមួយឆ្នាំ នៅឆ្នាំ 2027 និងឆ្នាំ 2028។ យើងមានគោលបំណងផ្តល់ជូនអាហារូបករណ៍សរុបចំនួន 15 កន្លែង ជាមួយនឹងមូលនិធិសរុបរហូតដល់ 72,000 ដុល្លារអាមេរិក។
លោក ពន្លឺ តុលា អគ្គនាយក នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «កម្មវិធីថ្ងៃនេះបញ្ជាក់ជាថ្មីពីភាពជាដៃគូដ៏រឹងមាំរវាងក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងអេស៊ីលីដា ព្រមទាំងការប្ដេជ្ញាចិត្តរួមគ្នារបស់យើងចំពោះអតិថិជន និងយុវជនជំនាន់ក្រោយ។ ដោយមានការគាំទ្រពីសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា យើងផ្ដល់ឱកាសឱ្យយុវជនកម្ពុជាទទួលបានការអប់រំថ្នាក់ឧត្តមសិក្សាប្រកបដោយគុណភាព។ ខ្ញុំសូមលើកទឹកចិត្តសិស្សនិស្សិតទូទាំងប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានការប្ដេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈរៀនសូត្រ និងអភិវឌ្ឍខ្លួន ឱ្យដាក់ពាក្យចូលរួមកម្មវិធីអាហារូបករណ៍នេះ ដើម្បីចាប់យកឱកាសដ៏មានតម្លៃក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួន»។
គិតត្រឹមខែមករា ឆ្នាំ 2026 ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ អេស៊ីលីដា បានរួមគ្នាផ្ដល់ការការពារដល់អតិថិជនកម្ពុជាប្រមាណ 350,000 នាក់ និងបានអនុម័តសំណងសរុបចំនួន 25.2 លានដុល្លារអាមេរិក ដោយផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អតិថិជន និងក្រុមគ្រួសារ នៅពេលដែលពួកគេត្រូវការបំផុត។ កម្មវិធីអាហារូបករណ៍ នេះបន្តពង្រឹងការប្ដេជ្ញាចិត្តរួមគ្នា ដោយការបង្កើតឱកាសសម្រាប់យុវជនជំនាន់ក្រោយ។
អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា៖
លោក បណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រអេស៊ីលីដា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ព្រូដិនសល កម្ពុជា ដែលបានផ្ដល់មូលនិធិអាហារូបករណ៍ និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានគាំទ្រលើការអប់រំសម្រាប់យុវជនកម្ពុជា។ គិតត្រឹមថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2026 សាកលវិទ្យាល័យបានទទួលនិស្សិតថ្មីចំនួន 1,949 នាក់ ក្នុងជំនាន់ទី 11 សម្រាប់ឆ្នាំសិក្សា 2026–2027 ក្នុងនោះមាននិស្សិតស្រីចំនួន 1,380 នាក់។ និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់យើងចំនួន 94.74% មានការងារធ្វើ ដែលឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ការអប់រំនៅសាកលវិទ្យាល័យទៅនឹងឱកាសអាជីពការងារ»។
បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍បាន លុះត្រាតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ (បាក់ឌុប ឬ Bac II) សញ្ញាបត្របរិញ្ញាបត្ររងពីគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬគុណវុឌ្ឍិផ្សេងទៀតដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ បេក្ខជនក៏ត្រូវបំពេញតាមលក្ខខណ្ឌចូលរៀនរបស់សាកលវិទ្យាល័យ AUB សម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រដែលស្ថិតក្នុងវិសាលភាពនៃកម្មវិធីអាហារូបករណ៍នេះផងដែរ។ ការវាយតម្លៃបេក្ខជននឹងផ្អែកលើសក្ដានុពលសិក្សា ការលើកទឹកចិត្តក្នុងការសិក្សា សុចរិតភាព និងការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួន ដោយផ្ដល់អាទិភាពដល់បេក្ខជនដែលត្រូវការជំនួយហិរញ្ញវត្ថុ និង/ឬមកពីក្រុមជនជាតិភាគតិច។
ការទទួលពាក្យសម្រាប់និស្សិតអាហារូបករណ៍ជំនាន់ឆ្នាំ 2026 ចាប់ផ្ដើមនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2026 និងបិទទទួលនៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2026។ សិស្សនិស្សិតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គួរពិនិត្យលក្ខខណ្ឌអាហារូបករណ៍ រៀបចំឯកសារគាំទ្រដែលតម្រូវ និងបំពេញទម្រង់ពាក្យសុំផ្លូវការឱ្យបានត្រឹមត្រូវ និងពេញលេញ រួចដាក់ពាក្យសុំ និងឯកសារគាំទ្រមុនផុតកាលបរិច្ឆេទបិទទទួល តាមរយៈតំណដាក់ពាក្យផ្លូវការ ឬកូដ QR ដែលផ្សព្វផ្សាយដោយក្រុមហ៊ុន ព្រូដិនសល កម្ពុជា ឬដៃគូកម្មវិធី។ លទ្ធផលបេក្ខជនដែលទទួលបានអាហារូបករណ៍ រំពឹងថានឹងត្រូវប្រកាសត្រឹមដើមខែមករា ឆ្នាំ 2027។
ស្នើសុំអាហារូបករណ៍ តាមរយៈ៖ ទម្រង់ដាក់ពាក្យអនឡាញ
អំពីក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក
ចាប់តាំងពីប្រតិបត្តិការក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ឈានមុខគេនៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយធានារ៉ាប់រងដែលមានភាពបត់បែនទៅកាន់អតិថិជនជាង ៥០០,០០០ នាក់។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិដល់អតិថិជនទូទាំងតំបន់ប្រទេសចិន តំបន់អាស៊ាន ឥណ្ឌា និងអាហ្វ្រិក។ បេសកកម្មរបស់យើងខ្ញុំ គឺដើម្បីក្លាយជាដៃគូ និងអ្នកការពារដែលគួរឱ្យទុកចិត្តបំផុត សម្រាប់លោកអ្នក និងអ្នកជំនាន់ក្រោយ ដោយការផ្តល់ជូនការការពារសុខភាព និងហិរញ្ញវត្ថុដែលងាយស្រួលបំផុត។
អាជីវកម្មនេះបានចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបឋមចំនួនពីរ ដែលមាននៅផ្សារភាគហ៊ុន ហុងកុង (២៣៧៨) និងផ្សារភាគហ៊ុនទីក្រុងឡុងដ៍ (PRU)។ ហើយក៏មានការចុះឈ្មោះក្នុង ទីផ្សារភាគហ៊ុនបន្ទាប់បន្សំ នៅលើផ្សារភាគហ៊ុនសិង្ហបុរី (Singapore Stock Exchange) និង ផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange) ក្នុងទម្រង់ American Depositary Receipts។ វាគឺជាធាតុផ្សំនៃសន្ទស្សន៍ Hang Seng Composite Index ហើយត្រូវបានរួមបញ្ចូលផងដែរសម្រាប់ការជួញដូរនៅក្នុងកម្មវិធីទីផ្សារភាគហ៊ុន Shenzhen-Hong Kong Stock Connect។ ក្រុមហ៊ុនព្រូដិនសល ពុំមានការជាប់ទាក់ទងក្នុងលក្ខណៈណាមួយជាមួយក្រុមហ៊ុន Prudential Financial, Inc. ដែលមានទីស្នាក់ការអាជីវកម្មគោលនៅសហរដ្ឋអាមេរិក ឬ ជាមួយក្រុមហ៊ុន The Prudential Assurance Company Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ M&G plc និងកំពុងប្រតិបត្តិការក្នុងចក្រភពអង់គ្លេសនោះទេ។
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៩៣ ក្នុងដំណាក់កាលដំបូងរបស់អេស៊ីលីដា ដែលជាក្រុមគាំទ្របច្ចេកទេសអង្គការអេស៊ីលីដា លើការបណ្តុះបណ្តាលអប់រំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ីលីដាបានកម្លាយនៅឆ្នាំ ១៩៩៧ តម្រូវការសម្រាប់ការបណ្តុះបណ្តាលឯកទេសបានកើនមានឡើង កត្តាទាំងនេះបាននាំឱ្យមានការរៀបចំវគ្គសេវាកម្មបណ្តុះបណ្តាល និងការប្រឹក្សា ហើយក៏បានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅខែមករា ឆ្នាំ ១៩៩៨។ ដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់របស់ អេស៊ីលីដាធ្វើឲ្យមានការទទួលស្គាល់ និងការអប់រំបណ្តុះបណ្តាលសម្រេចបាននូវភាពជោគជ័យ។ ឆ្នាំ ២០០៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែល ធនាគារអេស៊ីលីដា ភីអិលស៊ី បានបង្កើតផ្នែកហ្វឹកហ្វឺនខាងក្នុង ការអភិវឌ្ឍនេះបានឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងសម្រាប់កម្មវិធីហ្វឹកហ្វឺនដ៏ទូលំទូលាយ ដោយទទួលស្គាល់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ធនាគារ អេស៊ីលីដា បានពង្រីកចក្ខុវិស័យរបស់ខ្លួនដោយបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនមីក្រូហិរញ្ញវត្ថុប្រចាំតំបន់ អេស៊ីលីដា-អាស៊ាន នៅខែមិថុនា ឆ្នាំ ២០១០។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាភិបាល រាជរដ្ឋាភិបាលកម្ពុជា និងសហហិរញ្ញប្បទានដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KFW ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅក្នុងតំបន់អាស៊ាន និងលើសពីនេះ។