នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ - ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានដាក់ឲ្យដំណើរការនូវគំនិតផ្តួចផ្តើមថ្មី នៃការវិនិយោគសហគមន៍ ស្តីអំពី ការពង្រឹងភាពធន់ក្នុងសហគមន៍ តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់"។
ពិធីដាក់ឲ្យដំណើរការនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងអ្នកជំនាញជាង ១០០រូប មកពីវិស័យពាក់ព័ន្ធនានា ដែលក្នុងនោះរួមមានតំណាងដ៏ខ្ពង់ខ្ពស់ មកពី និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក) សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) និង BritCham Cambodia ដើម្បីធ្វើកិច្ចពិភាក្សាស្ដីពីហានិភ័យសុខភាព ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅតាមតំបន់ដែលងាយរងគ្រោះមហន្តរាយនៅកម្ពុជា។
គំនិតផ្ដួចផ្ដើមថ្មីនេះ មានការគាំទ្រពីមូលនិធិវិនិយោគសហគមន៍ ផ្តោតលើបញ្ហាជុំវិញបម្រែបម្រួលអាកាសធាតុ និងហានិភ័យសុខភាព របស់មូលនិធិព្រូដិនស៍ ដែលមានថវិការសរុបចំនួន ២ លានដុល្លារអាមេរិក នឹងមានដំណើរការអនុវត្តរយៈពេល ៥ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងជួយអ្នករស់នៅចំនួន ៥០០០នាក់ នៅតាមបណ្ដាលខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងពង្រឹងសហគមន៍ផ្សេងទៀតដែលស្ថិតនៅក្បែរៗនោះ តាមរយៈការពង្រឹងសមត្ថភាពក្រុមការងារបច្ចេកទេសអាស្រ័យនៅតំបន់គោលដៅ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃគ្រោះមហន្តរាយ។ ការផ្តួចផ្តើមគំនិតនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិព្រូដិនស៍ ក្នុងការបង្កើនភាពធន់សហគមន៍ ក្រោមប្រធានបទបម្រែបម្រួលអាកាសធាតុ និងហានិភ័យសុខភាព នៅតាមបណ្ដាលតំបន់ក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។
យុទ្ធសាស្រ្តអទិភាព ដើម្បីកសាងភាពធន់សុខភាព ប្រឆាំងនឹងផលប៉ះពាល់នៃ បម្រែបម្រួលអាកាសធាតុ
គម្រោងនេះជួយ ដោះស្រាយ បញ្ហាគំរាមកំហែងនៃជំងឺគ្រុនឈាម និងគ្រុនចាញ់ ដែលបានកើនឡើង នៅតាមតំបន់ដែលងាយទទួលរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដែលមានសេវាថែទាំសុខភាពមានកម្រិត។ កត្តាសំខាន់ៗ ក្នុងគម្រោងរួមមាន៖
• យុទ្ធនាការផ្សព្វផ្សាយ និងការបង្ការ របស់សហគមន៍
• ការផ្ដល់ទូកសង្គ្រោះបន្ទាន់ចល័តដើម្បីធ្វើដំណើរទៅដល់ភូមិដាច់ស្រយាល
• ការពង្រឹងសមត្ថភាពបុគ្គលិកនៅតាមមណ្ឌលសុខភាពគោលដៅ ក្នុងការគ្រប់គ្រងជំងឺ ឬហានិភ័យសុខភាពបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
• ការបណ្តុះបណ្តាលដល់ក្រុមការងារបច្ចេកទេសថ្នាក់ក្រោមជាតិ ដើម្បីរក្សាកិច្ចខិតខំប្រឹងប្រែងដែលជួយបណ្តុះភាពរឹងមាំរបស់មូលដ្ឋាន