ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
Girl falling asleep on the desk
អត្ថបទសុខភាព និងសុខមាលភាព

វិធីសាស្ដ្រដោះស្រាយបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល”

អ្នកកំពុងអង្គុយនៅតុធ្វើការរបស់អ្នកនៅពេលថ្ងៃរសៀល ហើយអ្នកមានភាពពិបាកក្នុងការផ្ចង់អារម្មណ៍។ អ្នកមានអារម្មណ៍អស់កម្លាំងរហិតរហៃ មិនអាចផ្ដោតលើការងារបាន ហើយចង់តែត្រឡប់ទៅផ្ទះឆាប់ៗ។ ពិតណាស់ នោះគឺជាអាការៈនៃបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល” ដ៏គួរឱ្យព្រួយបារម្ភ។

 “ការស្រុតចុះកម្លាំងនៅពេលរសៀល” ជាបញ្ហាធម្មតាទូទៅមួយដែល បណ្ដាលមកពីការធ្លាក់ចុះសីតុណ្ហភាពរាងកាយ។ វាបណ្ដាលមកពីការបញ្ចេញអរម៉ូនគេងម្យ៉ាងឈ្មោះ មេឡាតូនីន ដែលជាទូទៅត្រូវបានរាងកាយបញ្ចេញក្នុងចំនួនច្រើនជាងនេះមុនពេលយើងចូលគេង នៅពេលយប់។ អរម៉ូនមេឡាតូនីននេះហើយដែលធ្វើឱ្យរាងកាយអ្នកយល់ថាដល់ពេលវេលាត្រូវសម្រាក ពេលថ្ងៃ។ ប៉ុន្តែ អ្នកមិនអាចបន្ទោសតែដំណើរការម៉ោងខាងក្នុងនៃរាងកាយរបស់អ្នកបានទេរបប អាហារដែលយើងទទួលទានក៏ជាកត្តាសំខាន់ផងដែរ។

កាហ្វេ ឬអាហារសម្រន់ដែលមានជាតិស្ករខ្ពស់ អាចផ្ដល់កម្លាំងឱ្យអ្នកបានភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យអ្នកអស់កម្លាំងវិញនៅពេលដែលរាងកាយអ្នករងឥទ្ធិពល Sugar Crash (នៅពេលរាងកាយទទួលជាតិស្ករច្រើនពេក ហើយចាប់ផ្ដើមផលិតអាំងស៊ុយលីនដើម្បីឆ្លើយតប ជាហេតុធ្វើឱ្យសារជាតិគ្លុយកូសក្នុងឈាមធ្លាក់ចុះ និងធ្វើឱ្យថាមពលរាងកាយចុះខ្សោយ)។

គន្លឹះក្នុងការជម្នះលើបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល” ផ្ដើមចេញពីពេលព្រឹកទៅ ពោលគឺផ្ដើមចេញពីអាហារពេលព្រឹកដែលអ្នកទទួលទាន! ចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកដោយទទួលទាន អាហារណាដែលផ្ដល់ឱ្យរាងកាយអ្នកនូវការបញ្ចេញថាមពលសន្សឹមៗ។

អាហារមានជាតិម្សៅដែលផ្ទុកសារជាតិកាបូអ៊ីដ្រាតដូចជា នំប៉័ង ប៉ាស្តា និងបាយអាចជួយអ្នកលើ បញ្ហានេះបាន ជាពិសេសបើអ្នកជ្រើសរើសទទួលទានគ្រាប់ធញ្ញជាតិដែលមិនទាន់កែច្នៃ។ អាហារ ទាំងនោះនឹងបង្កើនថាមពល និងការផ្ដោតអារម្មណ៍ ហើយក៏ជាប្រភពដ៏ល្អនៃសារជាតិចិញ្ចឹម ផ្សេងៗផងដែរ។ សាកល្បងទទួលទាននំប៉័ងដុតលាបជាមួយបឺរសណ្ដែកដី និងចេក ឬក៏ពងមាន់ក្រឡុកជាមួយនឹងនំប៉័ងដុត English muffin ក៏បាន។

ប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិជាមួយនឹងទឹកដោះគោ ដែលមានគ្រីមពាក់កណ្ដាល និងទឹកផ្លែឈើមួយកែវក៏បាន។ គ្រាប់ធញ្ញជាតិជាប្រភពដ៏ល្អនៃជាតិ ដែក ដែលអាចជួយបង្ការកុំឱ្យអ្នកមានអារម្មណ៍ហេវហត់។

ចៀសវាងទទួលទានជាតិស្ករតាមដែលអាចធ្វើបាន ព្រោះវានឹងបង្កើនភាគរយបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល” ហើយទទួលទានគ្រាប់ធញ្ញជាតិ និងផ្លែឈើជំនួសវិញ។ 

កុំរំលងអាហារថ្ងៃត្រង់ឱ្យសោះ! ប្រសិនបើអ្នករវល់បំពេញការងារ អ្នកអាចនឹងគិតថាការទទួលទាន បន្លែមួយចានតូចគឺគ្រប់គ្រាន់ ដើម្បីឱ្យអ្នកមានថាមពលបន្តការងារហើយ ប៉ុន្តែវាមានសារៈសំខាន់ ដែលអាហារនោះមានផ្ទុកសារជាតិប្រូតេអ៊ីន និងជាប្រភពនៃសារជាតិកាបូអ៊ីដ្រាត ព្រោះបើពុំនោះទេ អ្នកនឹងអស់កម្លាំងវិញយ៉ាងឆាប់រហ័ស។ អ្នកក៏អាចថែមស៊ុតស្ងោរមួយគ្រាប់ក្នុងចានបន្លែ ឬសាច់ ប៉ុន្មានចំណិតទៅក្នុងនោះ។ ប៉ុន្តែកុំសូវចង់ទទួលទានអាហារមានជាតិខ្លាញ់ច្រើនពេក ព្រោះវានឹង ជម្រុញឱ្យអ្នកឆាប់អស់កម្លាំង។

ប្រសិនបើអ្នកនៅតែមានអារម្មណ៍ហេវហត់ក្រោយពេលទទួលទានអាហារថ្ងៃត្រង់ ការបង្កើនចង្វាក់បេះដូងអាចជួយផ្ដល់ថាមពលបន្ថែមដល់អ្នកបាន។ ក្រោកចេញពីកៅអីធ្វើការ ដើម្បីដើរលំហែស្រូបខ្យល់អាកាសបរិសុទ្ធ ឬក៏បើមានជណ្ដើរនៅកន្លែងធ្វើការឬផ្ទះរបស់អ្នក អ្នកអាចដើរឡើងចុះកាំជណ្ដើរបាន។ ការធ្វើដូច្នេះនឹងជួយដាស់ស្មារតីអ្នកបាន។

បើអ្នកគិតពីរបបអាហាររបស់អ្នកដោយប្រុងប្រយ័ត្ន ហើយក្រោកចេញពីកៅអីធ្វើការជារឿយៗ នោះអ្នកនឹងអាចជម្នះលើបញ្ហា “ការស្រុតចុះកម្លាំងនៅពេលរសៀល” បាន!