ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
Girl practicing healthy eating habits
អត្ថបទសុខភាព និងសុខមាលភាព

របៀបទទួលទានដើម្បីមានសុខភាពល្អ ចាប់ផ្ដើមដំណើរការសម្រកទម្ងន់របស់អ្នកនៅថ្ងៃនេះ

គោលដៅដែលត្រឹមត្រូវអាចជួយអ្នកសម្រេចជោគជ័យក្នុងការសម្រក និងរក្សាទម្ងន់

គួរឱ្យស្តាយ យើងពុំមានវិធីសាស្ដ្រសម្រកទម្ងន់ឆាប់រហ័សណាមួយ នោះទេ។ វាជាដំណើរការមួយដែលទាមទារពេលវេលាយូរ ហើយនឹងមានប្រសិទ្ធិភាព លុះត្រា តែអ្នកប្រកាន់ខ្ជាប់របៀបរបបរស់នៅដែលផ្ដល់សុខភាពល្អជាងសព្វដង។

មុននឹងចាប់ផ្ដើមសម្រកទម្ងន់ វាជារឿងសំខាន់ដែលអ្នកត្រូវមានភាពប្រាកដប្រជា ហើយកំណត់គោលដៅទម្ងន់ដែលអ្នកចង់បានស្របទៅតាមលទ្ធភាពរបស់អ្នក។ ការកំណត់គោលដៅដែលត្រឹមត្រូវ និងស្របទៅតាមលទ្ធភាពដែលអាចសម្រេចបាន គឺជាជំហានដំបូងឆ្ពោះទៅការសម្រកទម្ងន់ដែលមិនប៉ះពាល់ដល់សុខភាព។ ការប៉ុនប៉ងសម្រកទម្ងន់ច្រើនក្នុងរយៈពេលខ្លីពេកអាចនឹងបង្កផលប៉ះពាល់ដែលមានគ្រោះថ្នាក់ដល់រាងកាយអ្នកបាន។ គម្រោង “សម្រកទម្ងន់ឆាប់រហ័ស” មួយចំនួន​ ក៏ងាយនឹងនាំឱ្យអ្នកឡើងទម្ងន់វិញ នៅពេលអ្នកឈប់អនុវត្តរបបទទួលទានបែបនោះ។

ការសម្រកទម្ងន់ដែលមានការគ្រោងទុកត្រឹមត្រូវ គួរមានការពិចារណាលើកត្តា ខាងក្រោមនេះ៖

  • អាយុ

  • កម្រិតនៃសកម្មភាពរាងកាយ

  • វត្តមាននៃលក្ខខណ្ឌវេជ្ជសាស្ដ្រផ្សេងៗ

 
គោលដៅសម្រកទម្ងន់ត្រូវបានបង្កើតឡើងដើម្បីស្វែងយល់ថា តើអ្នកចង់សម្រកទម្ងន់ប៉ុន្មានគីឡូក្រាម និងក្នុងរយៈពេលប៉ុន្មាន។ ប្រសិនបើគ្មានគោលដៅទេ មនុស្សរាល់គ្នាតែងតែបាក់ទឹកចិត្តពាក់កណ្ដាលទីដោយហេតុថា ពួកគេមិនអាចមើលឃើញលទ្ធផលដែលគួរឱ្យកត់សម្គាល់បានឆាប់រហ័ស។

សន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់អ្នកគឺជាកត្តាវាស់ស្ទង់ដ៏ល្អមួយ ដើម្បីដឹងថាតើអ្នកគួរ សម្រកទម្ងន់ប៉ុន្មានគីឡូក្រាម។ គោលដៅដែលត្រឹមត្រូវ គឺជាការសម្រកទម្ងន់ក្នុងកម្រិតមួយ ដែលមានសុវត្ថិភាព ពោលគឺចន្លោះពី០.៥គីឡូក្រាម ទៅ ១គីឡូក្រាម ក្នុងមួយសប្ដាហ៍។

ប្រសិនបើអ្នកមានការរំពឹងបែបហួសហេតុ ដូចជាអ្នកចង់សម្រកទម្ងន់ច្រើនគីឡូ ក្នុងរយៈពេលតែពីរទៅបីថ្ងៃ នោះវានឹងបង្កផលប៉ះពាល់អវិជ្ជមានដល់កម្លាំងចិត្ត និងការផ្ដោតអារម្មណ៍របស់អ្នក។ អ្នកត្រូវទប់អារម្មណ៍ខ្លួនឯងកុំថ្លឹងទម្ងន់រៀងរាល់ថ្ងៃ។ ជំនួសមកវិញអ្នកគួរថ្លឹងទម្ងន់មួយសប្ដាហ៍ម្ដង នោះអ្នកនឹងឃើញថាលទ្ធផល គឺខុសគ្នាពីសប្ដាហ៍កន្លងទៅ ដែលអាចធ្វើឱ្យអ្នកពេញចិត្តនឹងការប្រឹងប្រែងរបស់ខ្លួន។ អ្នកត្រូវដឹងថា ការសម្រកទម្ងន់ គឺជាលទ្ធផលនៃការផ្លាស់ប្ដូររបៀបរបបរស់នៅ ដែលរួមមានការចាប់ផ្ដើមសកម្មភាពផ្នែករាងកាយ ក៏ដូចជាការប្រកាន់ខ្ជាប់នូវការទទួលទានរបបអាហារដែលផ្ដល់សុខភាពល្អ។ 

ប្រសិនបើអ្នកធ្វើតាមគម្រោងគ្រប់គ្រងទម្ងន់ដែលត្រឹមត្រូវ អ្នកនឹងអាចសង្កេតឃើញពី បម្រែបម្រួលខ្លាំងនៃទម្ងន់របស់អ្នក នៅអំឡុងពីរទៅបីសប្ដាហ៍ក្រោយ។ បម្រែបម្រួលផ្សេងៗ ទៀតក៏នឹងជួយឱ្យអ្នកប្រាកដក្នុង ចិត្តថា អ្នកកំពុងអនុវត្តបានត្រឹមត្រូវ (ឧទាហរណ៍ អ្នកមានអារម្មណ៍ថាមានកម្លាំងកំហែង ខ្លាំងហើយយូរ និងមានភាពរហ័សរហួននៅពេលធ្វើលំហាត់ប្រាណម្ដងៗ)។

ការទទួលទានអាហារដែលផ្ដល់សុខភាពល្អ និងការតាមដានចំនួនកាឡូរី នឹងជួយកាត់បន្ថយជាតិខ្លាញ់ដែលលើសក្នុងរាងកាយ ហើយប្រសិនបើអ្នកធ្វើលំហាត់ប្រាណបានល្អ ជាតិខ្លាញ់ដែលលើសនោះជារឿយៗនឹងត្រូវបានបម្លែងទៅជាសាច់ដុំ។ ហេតុនេះ ទោះអ្នកមិនឃើញពីបម្រែបម្រួលច្រើនលើភ្នែកជញ្ជីងពេលថ្លឹងម្ដងៗក៏ដោយ ក៏មិនមែនមានន័យថាគម្រោងរបស់អ្នកមិនទទួលបានផ្លែផ្កានោះទេ! សង្កេតមើលបម្រែបម្រួលផ្សេងៗទៀតដូចជា ការងាយស្លៀកសម្លៀកបំពាក់ដែលតឹងខ្លាំងកាលពីមុន ឬការថយចុះនៃចំណង់ទទួលទានអាហារមិនល្អជាដើម។