ស្ទឹងត្រែង: សិស្សានុសិស្ស នៅស្រុកថាឡាបរិវ៉ាត់ នឹងត្រៀមបង្កាកាន់តែល្អប្រសើរ និងយល់ដឹងកាន់តែច្បាស់ក្នុងការរក្សាសុវត្ថិភាពពីគ្រោះធម្មជាតិ បន្ទាប់ពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) បន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន ក្នុងការការពារសិស្ស និងគ្រូបង្រៀនក្នុងប្រទេសកម្ពុជា ទប់ទល់នឹងផលប៉ះពាល់ពីគ្រោះធម្មជាតិ តាមរយៈកម្មវិធីសាលារៀនសុវត្ថិភាព (Safe School)។
កាលពីថ្ងៃទី២០ ខែមីនា បុគ្គលិក និងទីប្រឹក្សាហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា រួមជាមួយនឹងមន្ត្រីមកពី អង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលរួមក្នុងដំណើរទស្សនកិច្ចស្ម័គ្រចិត្តមួយក្នុងកម្មវិធីសាលារៀនសុវត្ថិភាព នាខេត្តស្ទឹងត្រែង។
ក្នុងកម្មវិធីនេះ សិស្សានុសិស្សមកពីសាលាបឋមសិក្សាអន្លុងស្វាយគរ និងអូរត្រែល បានបង្ហាញពីជំនាញដើម្បីសុវត្ថិភាព គឺវិធីជម្លៀសខ្លួនពេលមានខ្យល់ព្យុះ ក៏ដូចជាបានរៀនសូត្រអំពីរបៀបកត់សម្គាល់នូវភាពខុសគ្នានៃគ្រោះធម្មជាតិជាដើម។ គ្រូបង្រៀនថ្នាក់បឋមសិក្សាជាង៧០នាក់ និងសមាជិកក្រុមត្រួតពិនិត្យ និងបណ្តុះបណ្តាលប្រចាំស្រុកចំនួន២៥នាក់ ក៏បានទទួលបានចំណេះដឹងអំពីរបៀបក្នុងការជួយដល់សិស្សានុសិស្ស ក្នុងពេលមានមុខសញ្ញាគ្រោះថ្នាក់នៅសាលារៀន និងក្នុងពេលជម្លៀសកូនសិស្សផងដែរ។
សាលារៀនសុវត្ថិភាព គឺជាកម្មវិធីបណ្តុះបណ្តាលអំពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយប្រចាំតំបន់អាស៊ី គាំទ្រដោយ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ របស់សាជីវកម្មព្រូដិនសលអាស៊ី ចាប់តាំងពីឆ្នាំ២០១៣មក។ មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូនដិនសលកម្ពុជា បានចាប់ដៃគូជាមួយ អង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងឆ្នាំ២០១៦។ កម្មវិធីសាលារៀនសុវត្ថិភាពនេះ មានរចនាសម្ព័ន្ធការងារដែលត្រូវបានទទួលស្គាល់ជាសកល ដោយផ្តោតលើការងារសំខាន់ចំនួន ៣ រួមមាន៖ សម្ភារសិក្សាប្រកបសុវត្ថិភាព (Safe Learning Facilities) ការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមសាលារៀន (School Disaster Management) និងការអប់រំស្តីពីការកាត់បន្ថយ និងបន្ស៊ាំនឹងហានិភ័យនៃគ្រោះមហន្តរាយ (Risk Reduction and Resilience)។ កម្មវិធីនេះមានគោលបំណងអប់រំដល់សិស្សានិសិស្ស គ្រូបង្រៀន និងប្រជាសហគមន៍មូលដ្ឋាន អំពីចំណេះដឹង និងជំនាញដ៏ចាំបាច់ដើម្បីមានសុវត្ថិភាពពីគ្រោះធម្មជាតិ។
លោក David Nutman អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់ក្រុមហ៊ុនព្រូដិនសល ក្នុងការការពារ និងជួយឱ្យសហគមន៍ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានសុវត្ថិភាព និងធន់មាំទៅនឹងគ្រោះធម្មជាតិ។
លោកបានកត់សម្គាល់ថា៖ «វាពិតជាសំខាន់ណាស់ ក្នុងការដែលមានគោលការណ៍ណែនាំផ្នែកសុវត្ថិភាព សម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សនៅតាមសាលារៀននានា។ កម្មវិធីនេះ ក៏បង្កើតឱ្យមានបរិស្ថានសិក្សាល្អ ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងគ្រូ ហើយនិងសិស្សផងដែរ។ មកទល់ពេលនេះ សិស្សានុសិស្សប្រហែលចំនួន ២.៦៦៦នាក់ និងគ្រូបង្រៀន ២៧៥នាក់ នៅកម្ពុជា ត្រូវបានបណ្តុះបណ្តាល និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ»។
កញ្ញា សារ៉ុន ប៊ុនណាលីន បុគ្គលិកស្ម័គ្រចិត្តម្នាក់ ដែលបានចូលរួមក្នុងទស្សនកិច្ចនេះ បាននិយាយថា៖ «ខ្ញុំគិតថា កម្មវិធីសាលារៀនសុវត្ថិភាពនេះ ពិតជាសំខាន់ណាស់ ខណៈដែលវានឹងជួយលើកកម្ពស់ចំណេះដឹងផ្នែកគ្រោះធម្មជាតិ និងបង្រៀនសិស្សឱ្យចេះការពារខ្លួនពីគ្រោះធម្មជាតិ។ ខ្ញុំចង់លើកទឹកចិត្តឱ្យបុគ្គលិកក្រុមហ៊ុនព្រូដិនសលជាច្រើនទៀត ស្ម័គ្រចិត្តក្នុងកម្មវិធីសាលារៀនសុវត្ថិភាពនេះ»។
លោក កា ឈន នាយកសាលាបឋមសិក្សាអន្លុងស្វាយគរ មានប្រសាសន៍ថា៖ «សិស្សចំនួន១៨០នាក់ក្នុងសាលារបស់យើង ត្រូវបានបង្រៀនពីការត្រៀមបង្កា ក្នុងហេតុការណ៍ដែលមានខ្យល់ព្យុះ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ ខ្ញុំចង់ថ្លែងអំណរគុណដល់សិស្ស ក្រុមប្រឹក្សាសាលា និងគ្រូបង្រៀនទាំងអស់ ចំពោះការប្តេជ្ញាចិត្ត និងការលះបង់ពេលវេលារបស់ពួកគេក្នុងកម្មវិធីនេះ»។
កម្មវិធីសាលារៀនសុវត្ថិភាព ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសល ក្នុងការគាំទ្រការអប់រំ និងសុវត្ថិភាព នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។ កម្មវិធីនេះ បំពេញបន្ថែមទៅលើកម្មវិធី SAFE STEPS Natural Disasters (ជំហានសុវត្ថិភាព គ្រោះធម្មជាតិ) របស់មូលនិធិព្រូដិនស៍ ក្នុងគោលបំណងជួយសង្គ្រោះជីវិត និងធានាឱ្យបានថា សាលារៀន និងសហគមន៍ កាន់តែមានភាពធន់មាំ នៅពេលដែលគ្រោះមហន្តរាយកើតឡើង។
អំពីមូលនិធិព្រូដិនស៍
មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន។ មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com