ភាសាខ្មែរ
Concact
PRUeShop
សូមជ្រើសរើសភាសា
close
បណ្ដុំសារព័ត៌មាន

ដើម្បីសុខភាពល្អ និងគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ - ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្រកាសបើកផ្លូវការនូវកម្មវិធីសប្បុរសធម៌របស់ខ្លួន ដើម្បីបរិច្ចាគថវិកាគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាដែលផ្តល់ការព្យាបាលដល់កុមារកម្ពុជាដោយពុំគិតថ្លៃ។ ៨០ ភាគរយ នៃអ្នកជំងឺនៃមន្ទីរពេទ្យកុមារមួយនេះ មកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង ១ ដុល្លារក្នុងមួយថ្ងៃ។

យុទ្ធនាការ “រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា”  គឺជាកិច្ចសហការរវាងក្រុមហ៊ុនព្រូដិនសលកម្ពុជា និងក្រុមរត់ខេខេអស៊ី ដោយមានការចូលរួមសហការឧបត្ថមដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី ធនាគារវីង និង ក្រុមហ៊ុនស្បែកជើង Skechers ។ កម្មវិធីនេះ ចាប់ពីថ្ងៃទី០១ ដល់ទី៣១ ខែតុលាឆ្នាំ២០២១ ដោយកំណត់ថា រាល់១ គីឡូម៉ែត្រ ដែលអ្នកចូលរួមបានរត់ឬដើរ ក្រុមហ៊ុនព្រូដិនសលកម្ពុជា នឹងបរិច្ចាគទឹកប្រាក់ ១,០០០ រៀល (០.២៥ដុល្លារ) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ កម្មវិធីដ៏សំខាន់មួយនេះគឺសម្រាប់មនុស្សគ្រប់វ័យទាំងអស់ចូលរួម។

 

 

 

លោក Sanjay Chakrabarty អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្តែងយោបល់ថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការទទួលខុសត្រូវខ្ពស់ ការគាំទ្រដល់កិច្ចការសហគមន៍ គឺជាចំណុចស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់យើង។ សំខាន់ជាងនេះទៅទៀត  យើងចង់ផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការហាត់ប្រាណជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនានាដែលកើតមានក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធី “រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា”  នឹងចូលរួមជួយលើកកម្ពស់ការថែទាំសុខភាពផង និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការដ៏មានសារៈសំខាន់ចំពោះប្រទេសកម្ពុជា តាមរយៈថវិកាដែលប្រមូលបាន”។

លោក នេត ពិសិដ្ឋ នាយកប្រតិបត្ដិសេវាហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ដែរថា៖ “យើងពិតជារីករាយណាស់ដែលអាចចូលរួមគាំទ្រគំនិតផ្តួចផ្តើមសប្បុរសធម៌នេះ ហើយយើងនឹងទន្ទឹងរង់ចាំការចូលរួមពីបុគ្គលិក និងអតិថិជនរបស់យើងផងដែរ”។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖ “ធនាគារវីងមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏រំភើបមួយនេះ ដែលនឹងជួយគាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរពេទ្យគន្ធបុប្ផាបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់កុមារដែលត្រូវការជួយសង្រ្គោះបំផុត និងដោយគ្មានការរើសអើងនោះឡើយ។ នៅពេលដែលលោកអ្នករត់ជាមួយកម្មវិធីរបស់ក្រុមហ៊ុនព្រូដិនសលដែលគាំទ្រដោយធនាគារវីងនិងស្ថាប័នដទៃទៀត នោះលោកអ្នកក៏បានកំពុងរួមចំណែកដល់ប្រតិបត្តិការដ៏សំខាន់របស់មន្ទីរពេទ្យគន្ធបុប្ផា”។

 “នៅក្រុមរត់ KKRC យើងតែងតែលើកកម្ពស់សុខភាព និងកាយសម្បទាសម្រាប់ខ្លួនឯងតាមរយៈកីឡា។ ពួកយើងរីករាយក្នុងការសហការជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជាលើគំនិតផ្តួចផ្តើមនេះ ព្រោះវាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់អ្នករត់ឬដើរទេ តែថែមទាំងបានជួយដល់សង្គមកម្ពុជាទៀតផង។ កុំចាំដល់អ្នកឈឺ ទើបចាប់ផ្តើមហាត់ប្រាណ” នេះជាប្រសាសន៍របស់លោក គីម កុក ប្រធានក្រុមរត់ KKRC។

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវចុះឈ្មោះតាមរយៈកម្មវិធី Strava.Com ដែលមានក្លឹបឈ្មោះថា រត់ឬដើរជាមួយព្រូដិនសល ដើម្បីគន្ធបុប្ផា (Run-Walk with Prudential) ចាប់ ពីថ្ងៃទី ១ ដល់ ៣១ ខែតុលាឆ្នាំ ២០២១។ អ្នកអាចចូលរួមក្លឹបនេះបាន តាមរយៈតំណភ្ជាប់នេះ https://bit.ly/3zQv7ms

 

អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែលស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានាស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជាក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ក្រុមហ៊ុន ព្រូដិនសលភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដោយផ្តោតលើតំបន់អាស៊ី និងអាហ្វ្រិក។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈការធ្វើឱ្យគ្រប់គ្នាមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពមានតម្លៃសមរម្យ និងការលើកកម្ពស់កិច្ចការហិរញ្ញវត្ថុដើម្បីទាំងអស់គ្នា។ ព្រូដិនសល ជួយប្រជាជនក្នុងការការពារ និងបង្កើនទ្រព្យសម្បត្តិ និងជម្រុញការសន្សំសម្រាប់គោលដៅរបស់ពួកគេ។ អាជីវកម្មរបស់យើងមានអតិថិជនជាង ១៧ លាននាក់ នៅអាស៊ីនិងអាហ្វ្រិក ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។

*ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអ៊ីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។