ភាសាខ្មែរ
សូមជ្រើសរើសភាសា
បណ្ដុំសារព័ត៌មាន

ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យសុខាភិបាលកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ - ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងក្នុងការជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ ឱ្យបានជោគជ័យ។ 

 

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា ។

 

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ក្នុងពិធីនេះថា៖ «យើងសូមអរគុណសម្រាប់ការជួយគាំទ្រ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើងកំពុងរៀបចំចែកចាយនូវសម្ភារៈបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងនៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ។»

 

 

លោក Sanjay Chakrabarty​ ក៏បានមានប្រសាសន៍ថា៖ «​បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារសុខភាពរបស់ពួកគេ។​ ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខ ដោយផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យដែលមានគុណ   ភា​ពខ្ពស់ ដែលទាំងនេះជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ទៃទៀត​ ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍ដៃគូរបស់យើង។ ជាឧទាហរណ៍លើគំនិតផ្ដួចផ្ដើមដ៏ទៃទៀតដែលយើងបានអនុវត្ត រួមមានការចូលរួមនៅក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជម្ងឺកូវីដ១៩ ដើម្បីជួយផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងន័យដោះស្រាយលើការចំណាយផ្នែកវេជ្ជសាស្រ្តដែលកើតឡើងដោយមិនបានព្រាងទុក ហើយយើងក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជនរបស់យើងពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មិនតែ ប៉ុណ្ណោះយើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងពិតជាកោតសរសើរចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាមកទល់ពេលនេះ​ ហើយយើងនឹងបន្តគាំទ្រយុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។» ​

 

ការឧបត្ថម្ភ​នេះ គឺជាផ្នែកមួយនៃមូលនិធិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគមន៍របស់ព្រូដិនសល និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរបស់ប្រជាជនរបស់យើងនៅតំបន់អាស៊ី អាមេរិក និងអាហ្វ្រិក។ មូលនិធិនេះផងដែរ ក៏ត្រូវបានផ្តល់ឱ្យប្រទេសទូទាំងពិភពលោក ដែលមានសាខាក្រុមហ៊ុនព្រូដិនសលតាំងនៅ តាមរយៈជំនួយសប្បុរសធម៌ ក៏ដូចជាកម្មវិធីសហគមន៍ ខណៈដែលមានការទទួលរងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏ លំបាកនៃការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។    ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងផ្ដល់ជំនួយមូលនិធិដល់ដៃគូមិនស្វែងរកប្រាក់ចំណេញនៃមូលនិធិព្រូដិនស៍ ដែលជាដៃគូ​អភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន  ព្រូដិនសល ​ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីគាំទ្រ​ដល់​ការងាររបស់ពួកគេ ក្នុងការសម្រាល​ផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះ​មក​លើ​សហគមន៍នានា​ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ​២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព។ ក្នុងនោះរួមមានកម្មវិធី ឆា ឈីង (Cha Ching  Money Smart Kids) កម្មវិធី SAFE STEPS ដែលជាកម្មវិធីផ្ដល់ព័ត៌មានសំខាន់ៗដល់សាធារណជនអំពីសុវត្ថិភាពចរាចរណ៍​ និងការត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ កម្មវិធី អំណានដំបូង ដែលជាកម្មវិធីអប់រំកុមារតូចៗ ដោយសហការជាមួយ​អង្គការ Save the Children និងមានកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងជាមួយ​វិស័យសុខភាព ការអប់រំ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ។ គំនិតផ្ដួចផ្ដើមទាំងអស់នេះត្រូវបានគាំទ្រដោយបុគ្គលិកក្រុមហ៊ុន ​ព្រូដិនសលកម្ពុជា ដែលស័្មគ្រចិត្តចំណាយពេលវេលា និងការខិតខំ​របស់ពួកគេ ដើម្បីធានាឲ្យបានថា ពួកគេបានចូលរួម​ចំណែកជួយសហគមន៍ និងប្រកបដោយប្រសិទ្ធភាពបំផុត។

 

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។  ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។

 

*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមាន​ទំហំ​អាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។​ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់​ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិ​ថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc)​ ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន​ (Prudential Assurance​ Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

 

អំពីមូលនិធិព្រូដិនស៍

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។  បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍  តាមរយៈការលើកកម្ពស់ការអប់រំ  សុខភាព  និងសុវត្ថិភាព។  មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់  ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត  ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល  រដ្ឋាភិបាល  និងវិស័យឯកជន  ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល  ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ  កាន់តែមានសុខសុវត្ថិភាព  និងភាពធន់មាំជាងមុន។  មូលនិធិនេះគឺជាអង្គការសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។

សម្រាប់ព័ត៌មានបន្ថែម  សូមចូលទៅកាន់ www.prudencefoundation.com