សុខា មានអាយុ១២ឆ្នាំ ជាប្រធានក្រុមប្រឹក្សាកុមារនៅសាលាបឋមសិក្សាមួយ ក្នុងខេត្តសៀមរាបបានពន្យល់ថា៖ “​ពួកម៉ាកខ្ញុំបានដឹងពីអ្វីទៅជាសាលារៀន សុវត្ថិភាព និងបានត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលនឹងអាចកើតមានឡើង។”

សុខាបានពន្យល់បន្ថែមទៀតថា មុនពេលដែលមានការអនុវត្តគម្រោងសាលារៀនសុវត្តិភាព សាលារបស់គាត់បានជួបប្រទះនៅបញ្ហាប្រឈមជាច្រើន។ បញ្ហាប្រឈម ទាំងនោះរួមមាន៖   មិនមានសញ្ញាព្រមានពីគ្រោះថ្នាក់នៅលើទីធ្លាសាលា មិនមានរបងព័ទ្ធជុំវិញស្រះទឹក គ្មានស្លាក​សញ្ញាចរាចរណ៍នៅច្រកចូល មិនមានសួនបន្លែ បរិស្ថានសាលារៀនមិនល្អ ដែលជំរុញដល់ការរីករាលដាលនៃ ជំងឺគ្រុនឈាម។

សុខាបានបន្តទៀតថា សាលាមិនមានគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ មិនមានផែនការកាត់បន្ថយ និង ឆ្លើយតបគ្រោះមហន្តរាយ ថែមទាំងមិនមាន ក្រុមប្រឹក្សាកុមារដែលអាចចូលរួមចំណែកទទួលខុសត្រូវលើសុវត្ថិភាព និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៅឡើយ។ សាលាក៍មិនមានផែនទីជម្លៀសទៅទីទួលសុវត្ថិភាព មិនមានសេចក្តីណែនាំស្តីពីសុវត្ថិភាពនៅក្នុងសាលា និងលើសពីនេះទៅទៀតសាលាមានការខ្វះខាតសម្ភារៈសម្រាប់អនុវត្តវិធានការ សុវត្ថិភាព។  

សុខាបានរំលឹកថា៖ “ដូចសិស្សផ្សេងទៀតដែរ ខ្ញុំមិនយល់ថាត្រូវធ្វើអ្វីខ្លះ ឬទាក់ទងអ្នកណាទេ នៅពេលមានគ្រោះមហន្តរាយកើតឡើង។ ខ្ញុំក៏មិនបានដឹងថា អ្វីទៅជាការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ឬក៏តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាកុមារ និងសិទ្ធិកុមារឡើយ។”

សុខាបានពន្យល់ថា បន្ទាប់ពីត្រូវបានជ្រើសរើសជាក្រុមប្រឹក្សាកុមារ ដែលទទួលខុសត្រូវលើសុវត្ថិភាពសាលា និងបរិស្ថាននៅឆ្នាំ២០២៣ មក សុខាមានភាពការលំបាកក្នុងការដឹកនាំក្រុម។ គាត់មិនមានទំនុកចិត្ត និងមានភាពស្ទាក់ស្ទើរក្នុងប្រាស្រ័យទាក់ទងមួយមិត្តភក្តិ ដោយសារគាត់មិនទទួលបានការលើកទឹកចិត្ត និងការជម្រុញបន្ថែមពីមនុស្សធំឡើយ។ 

នៅឆ្នាំ២០២២ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិព្រូដិនតាមរយៈក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអង្គការភ្លែនអន្តរជាតិហុងកុង អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្កការមូលនិធិសិទ្ធិកុមារ បាននិងកំពុងអនុវត្តគម្រោង “លើកកម្ពស់គំនិតផ្តួចផ្តើមសាលាសុវត្ថិភាព” នៅក្នុងសាលាដែលសុខាកំពុងរៀនសូត្រ និងសាលាបឋមសិក្សាចំនួន១៧ផ្សេងទៀត នៅក្នុងខេត្តខេត្តសៀមរាប។  គោលបំណងរបស់ គម្រោងគឺធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង និងការកាត់បន្ថយគ្រោះមហន្តរាយ ការអនុវត្តសាលា រៀនសុវត្ថិភាព និងកិច្ចការពារកុមារក្នុងចំណោមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ និងគណៈកម្មការគ្រប់គ្រងសាលា។ សាលាបានកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនដូចជា ជួសជុលរបង បង្កើតសួនបន្លែ សូនច្បារ សាងសង់ខ្លោងទ្វារថ្មី ការបិទផ្សាយពាក្យ ស្លោកសាលារៀនសុវត្ថិភាព និងស្លាកសញ្ញាហាមហាត់ឬបម្រាម។ ស្លាកសញ្ញាចរាចរណ៍នៅមុខសាលាត្រូវបានតម្លើងដើម្បីការពារ គ្រោះថ្នាក់។ សាលាក៏បានសាងសង់បណ្ណាល័យ និងរៀបចំការប្រមូលសំរាមនៅក្នុងបរិវេណសាលា និងផ្សព្វផ្សាយទម្លាប់ដែលនាំឱ្យ មានសុខភាពល្អ ដូចជាការលាងសម្អាតដៃ ការហូបទឹកស្អាត និងហូបអាហារដែលសម្បូរទៅដោយជីវជាតិ។  

សុខា និង សិស្សានុសិស្សដទៃទៀតបានចូលរួមវគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗដូចជា ទស្សនទានក្របខណ្ឌសាលារៀន សុវត្ថិភាព លំហាត់អនុវត្ត ការសង្គ្រោះបឋម ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាកុមារ។ ការគាំទ្រ និងការណែនាំពីលោកគ្រូអ្នកគ្រូ ក្រុមការងារគម្រោង បានជួយឱ្យសុខាមានភាពជឿជាក់ និងមានទំនុកចិត្តក្នុងការទំនាក់ទំនង  ការធ្វើការងារជាក្រុម និងការចូលរួមនៅក្នុងសកម្មភាពសាលា និងសហគមន៍។ សុខាបានចូលរួមក្នុងការបង្កើត ការអនុវត្តសាលារៀន សុវត្ថិភាព បង្កើតផែនទីជម្លៀស និងផែនទីគ្រោះមហន្តរាយ ព្រមទាំងចូលរួមធ្វើការអនុវត្តផ្ទាល់ ដើម្បីត្រៀមទប់ទល់នឹងគ្រោះមហន្តរាយ ដែលអាចកើតមានដូចជាទឹកជំនន់ និងខ្យល់ព្យុះជាដើម។ សុខាបាន​​និយាយថា ៖ «សាលា​ខ្ញុំ​ឥឡូវ​ស្អាតណាស់ ហើយ​ពួកយើង​ថែមទាំងបាន​រៀន​អំពី​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យ​ពីគ្រោះ​មហន្តរាយទៀតផង។ ខ្ញុំ និងពួកម៉ាកខ្ញុំ បានទទួលចំណេះដឹង និងបានបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍របស់ពួកយើង។ រដូវប្រាំងនេះ ឡើងកំដៅជាង ៤០អង្សាសេ សាលាខ្ញុំបានស្តុកទឹកទុកដើម្បីប្រើប្រាស់ និងណែនាំដល់សិស្សានុសិស្សអំពីការប្រុងប្រយ័ត្នសុខភាពនៅពេលថ្ងៃ ដែល អនុញ្ញាតឱ្យពួកយើងអាចបន្តការសិក្សារបស់យើងបានធម្មតា” ។ 

នាយកសាលាបានរៀបរាប់ថា សុខាជាសិស្សល្អ ព្រមទាំងសម្គាល់ពីភាពវៃឆ្លាត និង មករៀនយ៉ាងទៀតទាត់របស់គាត់ថែមទៀតផង។ នាយកសាលាបានបញ្ជាក់បន្ថែមថា សុខាបានដឹកនាំក្រុមប្រឹក្សាកុមារក្នុងគំនិតផ្តួចផ្តើមជាច្រើន រួមមានការអនុវត្តសាលារៀនសុវត្ថិភាព ការលើកកម្ពស់អនាម័យ  ការថែរក្សាបរិស្ថានសាលាឱ្យស្អាត និងការដាំដុះសួនបន្លែ។ លើសពីនោះ សុខាក៏មានតួនាទីជាសមាជិកនៃក្រុម គ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងសាលាផងដែរ។

សុខាបានបង្ហាញចំណាប់អារម្មណ៍ ពីការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់សាលាក្នុងការធានាឲ្យបានថាសាលារៀនពិតជាមាន សុវត្ថិភាព និងគាំទ្រការសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់។ ក្នុងនាមជាអ្នកដឹកនាំក្រុមប្រឹក្សាកុមារ សុខាប្តេជ្ញាបង្កើនចំណេះដឹង របស់ខ្លួន និងចូលរួមផ្សព្វផ្សាយចំណេះដឹងទាំងនោះដល់មិត្តភក្តិ និងសិស្សដទៃទៀត ដើម្បីលើកកម្ពស់ការអនុវត្តសាលារៀនសុវត្ថិភាព ប្រកបដោយនិរន្តរភាពនៅក្នុងសហគមន៍ ។ នៅពេលសួរពីអនាគតរបស់គាត់ សុខាបានឆ្លើយតបដោយស្នាមញញឹមថា៖  "ខ្ញុំចង់ធ្វើជាគ្រូបង្រៀន និងចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់មនុស្សជំនាន់ក្រោយ"។

 

គម្រាងសាលាសុវត្ថិភាព បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់សហគមន៍ដើម្បីបង្កើតកន្លែងរៀនមួយដែលប្រកបដោយសុវត្ថិភាព និងការគាំទ្រ។ តាមរយៈការផ្ដល់ចំណេះដឹង និងសម្ភារៈចាំបាច់ទៅកាន់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលា យើងបានកំពុងលើកកម្ពស់សុវត្ថិភាពនិងភាពធន់នៅក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែការពារបច្ចុប្បន្នភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់មូលដ្ឋានគ្រឹះសម្រាប់អនាគតភ្លឺស្វាងនិងមានសុវត្ថិភាពជាងមុន ទៅកាន់កុមារទាំងអស់នៅក្នុងសហគមន៍របស់យើងផងដែរ។

 

អំពីព្រូដិនសលកម្ពុជា

ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល (ខេមបូឌា) ភីអិលស៊ី បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដ៏ធំ​ និងឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិត ដល់ប្រជាពលរដ្ឋកម្ពុជាជាង ៣២១, ០០០ គ្រួសារ និងបានផ្តល់សំណងជាង ២០.៩ លានដុល្លាអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារនិងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។   

ក្រុមហ៊ុនព្រូដិនសលកម្ពុជាជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc)។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី ផ្តល់ការធានារ៉ាប់រងអាយុជីវិត និងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុងទីផ្សារចំនួន ២៤ ទូទាំងតំបន់អាស៊ី និងអាហ្រ្វិក។ អាជីវកម្មនេះ បានជួយមនុស្សគ្រប់រូបឱ្យ ទទួលបាននូវជីវិតដ៏ល្អប្រសើរដោយធ្វើឱ្យការថែទាំសុខភាពមានតម្លៃសមរម្យ និងអាចទទួលយកបាន ព្រមទាំងការលើកកម្ពស់ សមភាពនៃឱកាសក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  https://www.prudential.com.kh/km/

 

អំពីមូលនិធិព្រូដិនស៍ (Prudence Foundation)

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។  មូលនិធិ បានអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំប្រទេសមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើតផល​វិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ មានទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ កាន់តែមានសុខសុវត្ថិភាព និងរឹងមាំជាងមុន។  មូលនិធិព្រូដិនស៍ គឺជាមូលនិធិសប្បុរសធម៌  ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។

 

អំពីអង្គការ​ភ្លែនអន្តរជាតិកម្ពុជា 

អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់​សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើង​ខិតខំ​ប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយដោយ​ធ្វើការ​រួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយ​នឹង​បទពិសោធន៍​ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោល​បំណង​គាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅក្នុងប្រទេសកម្ពុជា នៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ ដើម្បីលើកស្ទួយសម្លេងនិងគាំទ្រពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីទទួលបានសិទ្ធិ និងបំពេញបានសក្តានុពលពេញលេញរបស់ខ្លួន។