សារព័ត៌មាន

កម្មវិធីគាំពារនិងអភិវឌ្ឍន៍ កុមារតូច “អំណានដំបូង” បន្តរយៈពេល៣ឆ្នាំបន្ថែមទៀត

ភ្នំពេញ ថ្ងៃទី ០៨ កុម្ភៈ ២០១៦៖ កុមារតូចចំនួនជាង ៤០,០០០នាក់បានទទួលការគាំទ្រ ផ្នែកគាំពារ និងអភិវឌ្ឍន៍កុមារតូចតាមផ្ទះ តាមរយៈកម្មវិធី អំណានដំបូង

កម្មវិធី អំណានដំបូង នេះបានអនុវត្តអស់រយៈពេលចំនួន ៣ ឆ្នាំ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុនសាជីវកម្ម ព្រូដិនសលអាស៊ី។ កម្មវិធីបានចាប់ផ្ដើមអនុវត្តនៅឆ្នាំ ២០១៣ ដោយអង្គការ Save the Children ដោយសហការជាមួយ ក្រសួងអប់រំយុវជននិងកីឡា អង្គការស៊ីប៉ា អង្គការវឌ្ឍនភាពនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក្នុងខេត្តគោលដៅចំនួន ៤ គឺកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងព្រៃវែង។

first-read (3)

កម្មវិធី អំណានដំបូង មានគោលបំណងលើកកម្ពស់សមត្ថភាពរៀន និងអានអក្សរសម្រាប់កុមារតូចដែលមានអាយុក្រោម ៦ ឆ្នាំ តាមរយៈការអភិវឌ្ឍ និងការផ្តល់សម្ភារៈសម្រាប់ហាត់រៀនអានដែលប្រកបដោយគុណភាពនិងសមស្របតាមកម្រិតអាយុរបស់កុមារ។ កម្មវិធីនេះក៏បានជួយលើកកម្ពស់ការភ្ញោចប្រាជ្ញាស្មារតីរបស់កុមារតូចៗតាមរយៈការគាំទ្រផ្នែកគាំពារ និងអភិវឌ្ឍន៍កុមារភាពនៅតាមផ្ទះ។

លោកស្រី ខូយ រ៉ានី ទីប្រឹក្សាកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃអង្គការ Save the Children បានមានប្រសាសន៍ថា៖ “កម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច “អំណានដំបូង” មានសារសំខាន់ណាស់ ព្រោះតាមការសិក្សាបានបង្ហាញថា កុមារមានភាពងាយស្រួលក្នុងការចាប់ផ្តើមរៀនអាន ប្រសិនបើពួកគេចាប់ផ្តើមតាំងពីនៅវ័យក្មេង ។ កម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច “អំណានដំបូង” គាំទ្រដោយមូលនិធិឲព្រូដិនស៍ បានធ្វើការសហការជាមួយនឹងអ្នកបោះពុម្ពផ្សាយ និងអ្នកនិពន្ធសៀវភៅក្នុងស្រុក ដើម្បីធ្វើយ៉ាងណាផលិត និងផ្គត់ផ្គង់សៀវភៅកុមារតូច ដែលមានគុណភាពសម្រាប់ កុមារតូចគ្រប់រូប និងក្រុមគ្រួសាររបស់ពួកគេ ឲ្យមានសម្ភារៈសម្រាប់អនុវត្តការអានបានគ្រប់គ្រាន់”។ 

តាំងពីចាប់ផ្ដើមមកដល់ពេលនេះកម្មវិធី អំណានដំបូង បានផ្តល់ការបណ្តុះបណ្តាលដល់ លោកគ្រូអ្នកគ្រូជាង២០០នាក់និងនារីឃុំ(ទទួលបន្ទុកស្រ្តីនិងកុមារ) ចំនួនជាង ២០០នាក់ព្រមទាំងឪពុកម្តាយឬអ្នកថែទាំកុមារតូចចំនួន៣៩,៤៥១នាក់មកពី១០៦២ភូមិ ក្នុងខេត្តគោលដៅ។កម្មវិធីក៏បានចែកចាយសៀវភៅចំនួន១០៩,៥៤១ក្បាល ដល់កុមារតូចចំនួន៤៧,៦៨៨ នាក់។ 

យោងតាមការស្ទង់មតិមូលដ្ឋានបានបង្ហាញថា មុនពេលចាប់ផ្ដើមកម្មវិធី ក្នុងចំណោមឪពុកម្ដាយកុមារតូចអាយុពី ៣ ទៅ ៥ ឆ្នាំ មានឪពុកម្ដាយតែ ៥% ប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានកម្មវិធីអប់រំកុមារតូច ហើយឪពុកម្ដាយមានតែ ៤០% ដែលបានជួយផ្ដល់ការគាំពារ និងការភ្ញោចប្រាជ្ញាស្មារតីសមស្របដល់កូនរបស់ខ្លួន ។ បន្ទាប់ពីរយៈពេល ៣ ឆ្នាំ នៃការអនុវត្តកម្មវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូចអំណានដំបូង មកមានឪពុកម្ដាយរហូតដល់ទៅ ៩១% បានចូលរួមនៅក្នុងកម្មវិធី ដែលរៀបចំឡើងដើម្បីជួយឲ្យពួកគាត់គាំទ្រដល់ការរៀនសូត្ររបស់កូនតាំងពីនៅតូច ហើយមានឪពុកម្ដាយចំនួន ៨៤% កំពុងផ្ដល់ការគាំពារ និងការភ្ញោចប្រាជ្ញាស្មារតី ប្រកបដោយភាពវិជ្ជមានដល់កុមារ។

យោងតាមការវាយតម្លៃរបស់អង្គការ Save the Childrenកុមារអាយុក្រោម ៦ ឆ្នាំ ដែលទទួលបានការគាំទ្រផ្នែកគាំពារ អភិវឌ្ឍន៍កុមារតូចបានកើនឡើងពី ១៥% រហូតដល់ជិត ២៧%។

លោក Marc Fancy នាយកប្រតិបត្តិមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា៖ “មូលនិធិព្រូដិនស៍ មានសសរស្តម្ភចំនួន ៣ ដែលយើងផ្តោតការផ្តល់ជំនួយ នោះគឺកុមារ ការអប់រំ និងការត្រៀមខ្លួន និងស្តារគ្រោះមហន្តរាយ ។ កម្មវិធីអំណានដំបូង ផ្តោតលើកុមារ និងការអប់រំ ដែលត្រូវគ្នានឹងសសរស្តម្ភពីររបស់មូលនិធិ ។ នេះក៏ជាឱកាសសម្រាប់មូលនិធិព្រូដិនស៍បានសហការជាមួយអង្គការសង្គ្រោះកុមារ Save the Children ដែលជាអង្គការ មានការទទួលស្គាល់ជាអន្តរជាតិ ។ ម្យ៉ាងទៀត កម្មវិធីនេះមិនគ្រាន់តែអនុវត្តក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបាន អនុវត្តនៅប្រទេសហ្វីលីពីនផងដែរ ដើម្បីដោះស្រាយបញ្ហាដ៏សំខាន់មួយនេះ”។

ក្រសួងអប់រំកម្ពុជាបានកោតសរសើរដល់ការរួមចំណែកនានាក្នុងការលើកកម្ពស់បំណិនអក្សរ និងលេខ នព្វន្ធសម្រាប់កុមារតូចៗនៅកម្ពុជា ដើម្បីឲ្យពួកគេអាចរៀនកាន់តែពូកែ។

ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក៏បានមានប្រសាសន៍ផងដែរថា “ការសិក្សាស្រាវជ្រាវបានរកឃើញថា កុមារអាយុពី៣-៥ឆ្នាំ បើគាត់ទម្លាប់អានពីក្មេង គឺគាត់ទម្លាប់រហូតដល់ពេលគាត់ធំឡើង ដូច្នេះហើយទើបពេលកូននៅក្មេង មាតាបិតាត្រូវទម្លាប់ឲ្យកូនទៅបណ្ណាល័យ និងផ្តល់សៀវភៅឲ្យកូន ដើម្បីឲ្យគាត់ទម្លាប់អានពីតូច ។ នៅពេលគាត់អានហើយ គឺគាត់នឹងមានទម្លាប់ល្អចូលទៅបឋមសិក្សា និងមធ្យមសិក្សា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យនៅពេលគាត់បន្តការសិក្សាឡើងទៅថ្នាក់លើ។”

បន្ទាប់ពីកម្មវិធីសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការជួយដល់កុមារកម្ពុជានារយៈពេល ៣ ឆ្នាំកន្លងមក កម្មវិធីអំណានដំបូងនឹងត្រូវបានបន្តរយៈពេល ៣ ឆ្នាំបន្ថែមទៀត ។ ពិធីប្រកាសបន្តកម្មវិធីជាផ្លូវការត្រូវបានធ្វើឡើងនៅក្នុង សិក្ខាសាលា “ផ្សព្វផ្សាយពីលទ្ធផលបទពិសោធន៍កម្មវិធី គាំពារនិងអភិវឌ្ឍន៍កុមារតូច អំណានដំបូង ដែលធ្វើឡើងនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។

ឪពុកម្ដាយ និងកុមារតូចៗដែលទទួលផលប្រយោជន៍ពីកម្មវិធី អំណានដំបូងនេះ បានសាទរចំពោះការបន្តកម្មវិធីនេះ ។ អ្នកមីង ប៉េង សុខឃីម នៅក្នុងឃុំ ហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាមដែលបានចូលរួមក្នុងកម្មវិធីនេះ តាំងពីឆ្នាំ ២០១៣ មក បានឲ្យដឹងថា៖ គាត់បានសម្គាល់ឃើញការរៀនសូត្ររបស់កូនអ្នកស្រីមានការខុសប្លែកច្រើន ចាប់តាំងពីគេបានចូលរួមជាមួយកម្មវិធីអំណានដំបូងនេះ។

គាត់បាននិយាយថា៖ “កូនខ្ញុំឆ្លាតមែន ។ [ចំណេះដឹង] ពិតជាវិវត្តទៅមុខមែន ។ ល្អណាស់ កម្មវិធី [អំណានដំបូង] នេះ”។

ជាមួយនឹងការរួមចំណែករបស់កម្មវិធីអំណានដំបូង ត្រូវបានរំពឹងថា ជំនាញរៀនអានអក្សរសម្រាប់កុមារតូចនឹងត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើង ហើយពួកគេនឹងរៀនពូកែនៅក្នុងថ្នាក់រៀន នៅពេលចូលរៀននៅបឋមសិក្សានិងបន្តការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។

first-read (2)
first-read (4)
first-read (1)