ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្ពោធផលិតផល easylife គម្រោងធានារ៉ាប់រងដែលមានភាពងាយស្រួល និងតំលៃសមរម្យ | Prudential Cambodia

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្ពោធផលិតផល easylife គម្រោងធានារ៉ាប់រងដែលមានភាពងាយស្រួល និងតំលៃសមរម្យ

easylife

easylife

រាជធានីភ្នំពេញ (ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសកាលពីថ្ងៃទី០៤ កក្កដា នេះថា ដើម្បីបំពេញតាមកំណើនតម្រូវការនៅក្នុងប្រទេសកម្ពុជា ចំពោះសេវាធានារ៉ាប់រងអាយុជីវិតក្រុមហ៊ុននឹងធ្វើការសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយទៀត ហៅថា easylife ដែលមានភាពសាមញ្ញ ងាយស្រួល តំលៃសមរម្យ ក៏ដូចជាផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងភាពស្ងប់ចិត្ត សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ។

ជាមួយនឹងតម្លៃបុព្វលាភរ៉ាប់រងសមរម្យ និងបែបបទស្នើសុំមានភាពងាយស្រួលសម្រាប់អតិថិជន ផលិតផលធានារ៉ាប់រងអាយុជីវិត easylife នឹងជួយឲ្យប្រជាជនកម្ពុជាកាន់តែច្រើន អាចចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុរបស់ពួកគាត់សម្រាប់ពេលអនាគត ក៏ដូចជាការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ពួកគាត់ ក្នុងករណីគ្រោះអកុសល ដែលឈានទៅដល់មរណភាព ឬពិការភាពអចិន្ត្រៃយ៍ កើតឡើង។

លោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ខណៈពេលដែលអាជីវកម្មរបស់យើងបានរីកលូតលាស់នៅទូទាំងប្រទេសកម្ពុជា យើងបានស្វែងយល់ពីបុគ្គលិករបស់យើងផ្ទាល់ ក៏ដូចជាពីដៃគូរបស់យើង គឺធនាគារអេស៊ីលីដា ថា នៅពេលដែលប្រជាជនយល់ដឹងកាន់តែច្រើនអំពីសេវាធានារ៉ាប់រងអាយុជីវិត ពួកគាត់មានបំណងចង់ទទួលបានការការពារ និងផលប្រយោជន៍ពីសេវានេះកាន់តែច្រើនឡើងដែរ ។”

លោកបានបន្ថែមទៀតថា “គម្រោង easylife គឺជាវិធីដែលយើងធានាថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើង មានឱកាសទទួលបានអត្ថប្រយោជន៍ការពារ និងភាពស្ងប់ចិត្តពីបណ្ណសន្យារ៉ាប់រង ដែលមានលក្ខណៈសាមញ្ញ ងាយស្រួល និងមានតំលៃសមរម្យ ។”

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានផ្តល់ជូនកញ្ចប់ចំនួនបី សម្រាប់ផលិតផលធានារ៉ាប់រងអាយុជីវិត easylife គឺ “កញ្ចប់មធ្យម” “កញ្ចប់បង្គួរ” និង “កញ្ចប់ល្អ”។

នៅក្នុង “កញ្ចប់មធ្យម” ក្នុងករណីជួបគ្រោះអកុសលដែលបណ្តាលឲទទួលមរណៈភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ទឹកប្រាក់សំណងអាចទទួលបានគឺរហូតដល់ ៦ពាន់ដុល្លារអាមេរិក ។ សម្រាប់កញ្ចប់នេះ បុព្វលាភរ៉ាប់រងគឺមានតំលៃត្រឹមតែ ១៤១,៧៥ ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលអាចស្នើសុំទិញបានដោយអតិថិជនអាយុចាប់ពី ១៨ ទៅ ៣៥ឆ្នាំ ។

សម្រាប់ “កញ្ចប់បង្គួរ” ការបង់បុព្វលាភរ៉ាប់រងសម្រាប់ក្រុមអតិថិជនដែលមានអាយុដូចគ្នាខាងលើ គឺស្មើនឹង ២១០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដោយអាចទទួលបានសំណងរហូតដល់ ៩ពាន់ដុល្លារអាមេរិក។

ចំណែកឯ “កញ្ចប់ល្អ” វិញ ការបង់បុព្វលាភរ៉ាប់រង គឺមានតម្លៃ ២៦២,៥០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយសំណងដែលអាចទទួលបានគឺរហូតដល់ ១ម៉ឺន២ពាន់ដុល្លារអាមេរិក។

រាល់គម្រោង easylife ទាំងអស់ មានរយៈពេលកំណត់ ១៥ឆ្នាំ និងមានលក្ខណៈពិសេសមួយ គឺធានាផ្តល់ជូនអត្ថប្រយោជន៍ ពេលមិនមានការទាមទារសំណងនៅកាលបរិចេ្ឆទផុតកំណត់នៃបណ្ណសន្យារ៉ាប់រង ។ លក្ខណៈពិសេសនេះមានន័យថា ក្រុមហ៊ុនធានាផ្តល់ជូនទឹកប្រាក់ជាក់លាក់មួយចំនួន ប្រសិនបើដល់រយៈពេលកំណត់ហើយ ពុំមានការទាមទារសំណងណាមួយចំពោះបណ្ណសន្យារ៉ាប់រង ទេនោះ ។

បូកបន្ថែមពីលើតំលៃបុព្វលាភរ៉ាប់រងសមរម្យ និងសំណងធានារ៉ាប់រងរហូតដល់ ១ម៉ឺន២ពាន់ដុល្លារ អាមេរិក នោះ លក្ខណៈពិសេសដ៏ទាក់ទាញមួយទៀតរបស់ផលិតផល easylife គឺភាពងាយស្រួលនៃការដាក់ពាក្យសុំក្នុងការទិញផលិតផលធានារ៉ាប់រងអាយុជីវិតនេះ។

អតិថិជនដែលមានបំណងចង់ទិញផលិតផល easylife គ្រាន់តែត្រូវបំពេញសំណុំបែបបទខ្លីមួយ និងដាក់សំណើរទៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា ហើយក្រុមហ៊ុននឹងចាត់ចែងលើសំណើរនោះឲ្យបានរួចរាល់ក្នុងរយៈពេលតែពីរ-បីថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ។ ជាពិសេសជាងនេះទៅទៀត ខុសពីផលិតផល ធានារ៉ាប់រងអាយុជីវិតផ្សេងៗ អតិថិជនដែលដាក់ពាក្យសុំទិញគម្រោង easylife មិនចាំបាច់តម្រូវឱ្យពិបាកធ្វើការពិនិត្យសុខភាពឡើយ។

លោក Pankaj Banerjee បានមានប្រសាសន៍បន្ថែមទៀតថា “យើងបានធ្វើការងារយ៉ាងស្វិតស្វាញ ដើម្បីរៀបចំរចនាសម្ព័ន្ធកញ្ចប់ easylife ឲ្យមានភាពងាយស្រួល ហើយអតិថិជននឹងទទួលបានផលប្រយោជន៍ដែលធានាផ្តល់ជូន ដោយគ្រាន់តែចំណាយថ្លៃបុព្វលាភរ៉ាប់រងទាបបំផុត ប្រមាណតិចជាងមួយដុល្លារ តែប៉ុណ្ណោះក្នុងមួយថ្ងៃ ។”

លោកបានបន្ថែមថា “នេះគឺជាការរួមចំណែកមួយទៀតក្នុងចក្ខុវិស័យរបស់យើង សំដៅបំពេញតម្រូវការនៃការការពារ និងសន្សំប្រាក់ របស់ប្រជាជនកម្ពុជាកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ដោយបង្កើតផលិតផលប្រកបដោយភាពឆ្លាតវៃ ងាយស្រួល និងមានតំលៃសមរម្យ ព្រមទាំងចូលរួមគាំទ្រដោយសេវាបម្រើអតិថិជនប្រកបដោយគុណភាព និងបច្ចេកវិទ្យាទំនើប ។”

Back to Top