ការចូលរួមជាកិត្តិយសរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងសន្និសីទធានារ៉ាប់រងអាស៊ានលើកទី 10 កិច្ចប្រជុំបញ្ញត្តិករធានារ៉ាប់រងអាស៊ានលើកទី 18 និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី 41 | Prudential Cambodia

ការចូលរួមជាកិត្តិយសរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងសន្និសីទធានារ៉ាប់រងអាស៊ានលើកទី 10 កិច្ចប្រជុំបញ្ញត្តិករធានារ៉ាប់រងអាស៊ានលើកទី 18 និងកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី 41

FB_IMG_1446801369019.jpg_20180070

IMG_5766.JPG_907683752

FB_IMG_1446801369019.jpg_20180070
IMG_5766.JPG_907683752

ខែតុលា ឆ្នាំ 2015 ជាពេលវេលាដ៏វិសេសវិសាល សម្រាប់ព្រះរាជាណា ចក្រកម្ពុជា ដោយសារតែកិច្ចប្រជុំក្នុង វិស័យធានារ៉ាប់រង ក្របខណ្ឌអាស៊ានសំខាន់ៗ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេស។ កាលានុវត្តភាពថ្មីនេះក៏បានបង្ហាញឲ្យឃើញពី ការអភិវឌ្ឍន៍ជាក់ ស្តែងនៃវិស័យធានារ៉ាប់រង ទាំងនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ។

នាថ្ងៃទី26 ខែតុលា នៅឯសណ្ឋាគារសុខា សន្និសីទធានារ៉ាប់រងអាស៊ានលើកទី 10 បានប្រព្រឹត្តិទៅក្រោមប្រធានបទ “ពិភពលោកថ្មី” ។ តាមពិតទៅ វត្ថុបំណងសំខាន់នៃសន្និសីទអាស៊ាននេះ គឺដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មបទដ្ឋាន និងការអនុវត្តន៍ល្អក្នុងចំណោមសមាជិកសហគមន៍ធានារ៉ាប់រងអាស៊ាន និងដើម្បីធ្វើជាវេទិកាសម្រាប់ផ្លាស់ប្ដូរគំនិត និងចំណេះដឹង ជាមួយនឹងបណ្ដាអ្នកជំនាញផ្សេងទៀត។ អំឡុងពេលសន្និសីទនេះ វាគ្មិនជាច្រើនរូបបានផ្ដល់នូវបទបង្ហាញជាគន្លឹះ និងបានរៀបចំជាកិច្ចពិភាក្សាពេញអង្គផងដែរ។

សម្រាប់ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Looi Pueychyan នាយកផ្នែកប្រតិបត្តិការ និងព័ត៌មានវិទ្យា និងលោក Annadurai A. នាយកផ្នែកលក់ និងចែកចាយ បានចូលរួមក្នុងនាមជាវាគ្មិនសំខាន់ ជាមួយនឹងសមាជិកថ្នាក់គ្រប់គ្រងជាន់ខ្ពស់ 12 រូបផ្សេងទៀត។ លោក Looi ជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការចែកចាយជាសកល៖ កាលានុវត្តភាពថ្មី ការប្រឈមថ្មី” ហើយលោក Annadurai ជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “កំណើននៃការលំបាក បញ្ហាប្រឈមនៃទីផ្សារថ្មី”

ចាប់ពីថ្ងៃទី27 ដល់29 ខែតុលា នៅសណ្ឋាគារសុខា កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី 41 និង កិច្ចប្រជុំបញ្ញត្តិករធានារ៉ាប់រងលើកទី 18 ត្រូវបានរៀបចំឡើងយ៉ាងឧឡារិកដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមធានារ៉ាប់រងកម្ពុជា។ កិច្ចប្រជុំទាំងពីរ ត្រូវបានរៀបចំព្រមគ្នា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពីប្រទេសសមាជិកអាស៊ាន ទាំងផ្នែកវិស័យឯកជន និងទាំងបញ្ញត្តិករ។ ពិធីបើកកិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយលោក Pankaj Banerjee អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមក្នុងនាមជាប្រតិភូមកពីប្រទេសកម្ពុជា ។

យោងតាម សុន្ទរកឋារបស់ឯកឧត្តមរដ្ឋមន្ត្រី កិច្ចសហការ និងសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ានពិតជារួមចំណែកដល់កំណើននៃវិស័យធានារ៉ាប់រង និងការលូតលាស់នៃសហគមន៍អាស៊ាន។ លោក Paul F. Lynch ប្រធានថ្នាក់តំបន់ទទួលបន្ទុកកិច្ចការទំនាក់ទំនងស្ថាប័នរដ្ឋ នៃក្រុមហ៊ុនសាជីវកម្ម Prudential Corporation Asia បានចូលរួមធ្វើបទបង្ហាញក្រោមប្រធានបទ “វេទិកាហិរញ្ញវត្ថុអាស៊ីប៉ាស៊ីហ្វិច”។ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗទាំងនេះចាប់តាំងពីដំណើរការរៀបចំ ដំបូងមកម្លេះ។ យើងបានផ្ដល់បុគ្គលិកបច្ចេកទេសសំខាន់ៗ ដើម្បីចូលរួមក្នុងគណៈកម្មការរៀបចំកិច្ចប្រជុំ ដែលដឹកនាំដោយសមាគមធានារ៉ាប់រងកម្ពុជា។ ជាងនេះទៅទៀត យើងបានជួយគាំទ្រជាសម្ភារៈមួយចំនួន ដើម្បី ញ៉ាំងឲ្យការរៀបចំព្រឹត្តិការណ៍នេះបានរលូន និងជោគជ័យ ។

ជាមួយនឹងកិច្ចប្រជុំទាំងពីរនេះ ព្រឹត្តិការណ៍ពីរផ្សេងទៀតបានប្រព្រឹត្តទៅផងដែរ។ វគ្គសិក្សាសម្រាប់អ្នកគ្រប់គ្រងធានារ៉ាប់រងវ័យក្មេងអាស៊ាន (AYIM) ត្រូវបានរៀបចំឡើងពីថ្ងៃទី26 ខែតុលា ដល់ថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2015 នៅទីកន្លែងជាមួយគ្នា។ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយបានបញ្ជូនបុគ្គលិកជាន់ខ្ពស់របស់ខ្លួនឲ្យចូលរួម ដោយក្នុងនោះមាន 1. លោក វុធ រតនៈ ប្រធានគ្រប់គ្រងគុណភាព និងបទដ្ឋាន 2. អ្នកស្រី ហេង សុភាព ប្រធានផ្នែកអាជីវកម្មថ្មី 3. លោក ហ៊ួង សូដែត ប្រធានសេវាកម្មគាំទ្រ ផ្នែកលក់ និងចែកចាយ និង 4. លោក ជា រ៉ាឌីន អនុប្រធានគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ ។ បុគ្គលិកទាំងអស់បានបញ្ចប់វគ្គសិក្សារបស់ខ្លួនដោយជោគជ័យ និងប្រកបដោយមោទនភាព។

លើសពីនេះទៅទៀត កម្មវិធីពានរង្វាន់អ្នកគ្រប់គ្រងវ័យក្មេងអាស៊ាន (YAMA) ដែលបានរៀបចំរួមគ្នាដោយ វិទ្យាស្ថានស្រាវជ្រាវ និងបណ្ដុះបណ្ដាលធានារ៉ាប់រងអាស៊ាន (AITRI) និងក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន (AIC) ក៏បានប្រព្រឹត្តទៅដំណាលគ្នានឹងកិច្ចប្រជុំទាំងពីរផងដែរ។ ពានរង្វាន់ប្រកបដោយកិត្តិយសនេះត្រូវប្រគល់ជូនដល់អ្នកគ្រប់គ្រងវ័យក្មេងនៅក្នុងវិស័យ ធានារ៉ាប់រងនៅក្នុងតំបន់អាស៊ាន ។ លោកស្រី ហ៊ុន ឧត្តមសូរិយា ប្រធានផ្នែកច្បាប់ និងសុចរិតភាពក្រុមហ៊ុន ត្រូវបានឧទ្ទេសនាមពីក្រុមហ៊ុនព្រូដិនសលកម្ពុជាឲ្យចូលរួម។ អំឡុងកម្មវិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ានលើកទី41 និងកិច្ចប្រជុំបញ្ញត្តិករធានារ៉ាប់រងអាស៊ានលើកទី18 ក៏មានការប្រកាសប្រគល់ពានរង្វាន់ YAMA ផងដែរ។ ជាមោទនភាព លោកស្រី ហ៊ុន ឧត្តមសូរិយា ត្រូវបានជ្រើសរើសដោយចៅក្រមជាជ័យលាភីលេខ1 សម្រាប់ ពានរង្វាន់នេះ ហើយបានទទួលពានរង្វាន់ដោយផ្ទាល់ពី លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

កិច្ចប្រជុំដ៏វិសេសវិសាលដែលត្រូវបានរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺជាមោទនភាពសម្រាប់ ប្រទេសកម្ពុជាផង និងសម្រាប់ប្រជាពលរដ្ឋគ្រប់ៗគ្នាផងដែរ។

ជារួម ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងសមាគមធានារ៉ាប់រងកម្ពុជា ដែលបានផ្ដល់ឱកាសដល់ក្រុមហ៊ុនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ហើយសូមអបអរសាទរដល់ជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

(រូបភាព៖ ទំព័រFacebook នៃនាយកដ្ឋានធានរ៉ាប់រង និងសោធន)

Back to Top