ក្រុមហ៊ុនព្រូដិនសល (PRUDENTIAL) បើកប្រតិបត្តិការសេវាធានារ៉ាប់រងអាយុជីវិត នៅកម្ពុជា ដោយបង្កើតភាពជាដៃគូចែកចាយយុទ្ធសាស្ត្ររយៈពេលវែងជាមួយ ធនាគារ អេស៊ីលីដា

ក្រុមហ៊ុនព្រូដិនសល (Prudential) នៅកម្ពុជាផ្តល់ជូនប័ណ្ណធានារ៉ាប់រងអាយុជីវិតដំបូងបង្អស់ដល់អតិថិជនកម្ពុជា ដើម្បីប្រារព្ធពិធីសម្ពោធជាប្រវត្តិសាស្ត្រនេះ

រាជធានីភ្នំពេញ, កម្ពុជា ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣៖ ថ្ងៃនេះ សាជីវកម្មព្រូដិនសលប្រចាំតំបន់អាស៊ី (Prudential Corporation Asia) ផ្នែកមួយនៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential plc) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស បានប្រកាសចាប់ផ្ដើមប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា។ តាមរយៈក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរិនស៍ ភីអិលស៊ី(ហៅកាត់ថា ព្រូដិនសលកម្ពុជា) ក្រុមហ៊ុនព្រូដិនសល នឹងចាប់ផ្តើមលក់ប័ណ្ណធានារ៉ាប់រងអាយុជីវិតជូនប្រជាជនកម្ពុជា។ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ សំខាន់នេះ ក្រុមហ៊ុន ព្រូដិនសលបានប្រគល់ស្លាកនិមិត្តរូបពិសេសជូនដល់ម្ចាស់ប័ណ្ណធានារ៉ាប់រងនៅកម្ពុជា ដំបូងបង្អស់។ ប្រទេសកម្ពុជា ជាប្រទេសទី១៣ នៅក្នុងតំបន់អាស៊ី ដែលក្រុមហ៊ុនព្រូដិនសល មានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិត។

ទន្ទឹមនឹងការចាប់ផ្ដើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួននៅថ្ងៃនេះ ក្រុមហ៊ុនព្រូដិនសល កម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា ធនាគារ អេស៊ីលីដា) ដែលជាធនាគារដ៏ធំបំផុតមួយនៅកម្ពុជា បានប្រកាសនូវការបង្កើតភាពជាដៃគូ ចែកចាយរួមគ្នារយៈពេលវែងដែលនេះជាកិច្ចសហការមួយមិនធ្លាប់មាននៅប្រទេសកម្ពុជា។

ភាពជាដៃគូនេះនឹងបន្តភាពខ្លាំងរបស់ធនាគារ អេស៊ីលីដា និងកុ្រមហ៊ុនព្រូដិនសល ។ ធនាគារ អេស៊ីលីដា ផ្តល់នូវ សេវាហិរញ្ញវត្ថុជាច្រើនប្រភេទជូនអតិថិជននៅទូទាំងប្រទេស។

អតិថិជនរបស់ ធនាគារ អេស៊ីលីដា នឹងអាចទទួលបាននូវ សេវាកម្មរបស់ក្រុមហ៊ុនព្រូដិនសល តាមរយៈបណ្តាញ សាខាជាង ២៣៨ ទីតាំងរបស់ធនាគារនេះ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចជាវប័ណ្ណធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនព្រូដិនសលឈ្មោះថា ព្រូគ្រួសារខ្ញុំ (PRU MY Family) ដែលផ្តល់ អត្ថប្រយោជន៍ជាការការពារធានារ៉ាប់រងអាយុជីវិត និង អត្ថប្រយោជន៍ជាសាច់ប្រាក់នៅពេលដែលប័ណ្ណធានាគ្រប់អាយុ កាល។

បុគ្គលិកផ្នែកលក់របស់ ក្រុមហ៊ុនព្រូដិនសលនឹងប្រចាំការនៅតាមបណ្តាញសាខា ធនាគារ អេស៊ីលីដា ដើម្បីផ្តល់យោបល់ អំពីការធានារ៉ាប់រងអាយុជីវិតដល់អតិថិជន។ ក្រុមហ៊ុនព្រូដិនសល ក៏នឹងចែករំលែកចំណេះដឹងរបស់ខ្លួនទៅដល់ ធនាគារ អេស៊ីលីដា លើផ្នែកអភិវឌ្ឍន៍ផលិផល ការគ្រប់គ្រងការលក់ប័ណ្ណធានារ៉ាប់រង ការហ្វឹកហ្វឺនបុគ្គលិក និងការបំរើសេវា អតិថិជន ដើម្បីកសាងមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ភាពជាដៃគូនេះក៏គាំទ្រដល់ កិច្ចខំប្រឹងប្រែង និងគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិត ក៏ដូចជាលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង។

នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនព្រូដិនសល លោក Barry Stowe អគ្គនាយក ប្រតិបត្តិ របស់សាជីវកម្ម ព្រូដិនសលប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា “ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ព្រូដិនសលនៅក្នុងតំបន់អាស៊ី ដែលយើង ចាប់ផ្ដើមប្រតិបត្តិការរបស់ពួកយើងនៅកម្ពុជា។ យើងសូមថ្លែងអំណរគុណដល់ និយ័តករកម្ពុជាដែលបានគាំទ្រ និងផ្តល់អាជ្ញាបណ្ណដល់យើង។ វិស័យធានារ៉ាប់រងអាយុជីវិត គឺជាសសរស្ដម្ភដ៏សំខាន់ មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ យើងប្តេជ្ញាសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរបស់ យើងគឺ ធនាគារ អេស៊ីលីដា ដើម្បី អភិវឌ្ឍវិស័យនេះ និងជួយដល់ពលរដ្ឋកម្ពុជាក្នុងការការពារក្រុមគ្រួសាររបស់គេ និងកសាងអនាគតមួយដែលមានស្ថានភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ។”

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ភាពជា ដៃគូនេះជាការបោះ ជំហានទៅមុខមួយទៀតរបស់ ធនាគារ អេស៊ីលីដា ក្នុងកិច្ចខិតខំអភិវឌ្ឍវិស័យសេវាកម្មហិរញ្ញវត្ថុ។ យើងមានសេចក្តី សោមនស្សរីករាយជាអនេកដែលមានក្រុមហ៊ុនព្រូដិនសលជាដៃគូយុទ្ធសាស្រ្ត ហើយយើងបានត្រៀមខ្លួនសហការគ្នាដើម្បី បំពេញតម្រូវការធានារ៉ាប់រងរបស់អតិថិជនដែលកំពុងកើនឡើង។ យើងនឹងប្រើប្រាស់ភាពខ្លាំងរបស់យើងក្នុងការចែកចាយ បូករួមជាមួយនឹងឯកទេសរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំប្រចាំតំបន់អាស៊ីដែលមានបទពិសោធន៍ផ្ដល់សេវា ធានារ៉ាប់រងតាមរយៈធនាគារ ដើម្បីពង្រីកការផ្តល់ជូនសេវាកម្មរបស់យើងដល់អតិថិជន។”

លោក Pankaj Banerjee នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានមតិថា ដោយចាប់ដៃគូ ធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ អេស៊ីលីដា យើងនឹងអាច ប្រើប្រាស់នូវបទពិសោធន៍ជាង ៩០ឆ្នាំ របស់យើងនៅអាស៊ី រួមគ្នានឹងចំណេះដឹងគ្មាន គូប្រៀបរបស់ ធនាគារ អេស៊ីលីដា អំពីទីផ្សារក្នុងស្រុក ដើម្បីបង្កើតនូវសេវាកម្មដែលសមស្រប ទៅនឹងតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។ យើងជឿជាក់ថាទំនាក់ទំនងជាមួយ ធនាគារ អេស៊ីលីដា នឹងទទួល បានជោគជ័យ។

ក្រុមហ៊ុនព្រូដិនសលបានបង្កើតការិយាល័យតំណាងនៅទីក្រុងភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០១០ ហើយបានទទួលការយល់ ព្រមជាគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខែ មិថុនា ឆ្នាំ២០១២ ដើម្បីបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលជាក្រុមហ៊ុន វិនិយោគបរទេស ១០០% នៅកម្ពុជា។ ក្រុមហ៊ុនព្រូដិនសលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការពេញលេញ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១២៕

Back to Top