បុគ្គលិក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បញ្ចប់គម្រោងជួសជុលសាលារៀន

IMG_9156.jpg_918453013

IMG_9397.jpg_918453977

IMG_9156.jpg_918453013
IMG_9397.jpg_918453977

បុគ្គលិក និងថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចូលរួមក្នុងគម្រោងជួសជុលសាលាមតេ្តយ្យមួយចំនួនក្នុង ព្រះរាជាណាចក្រកម្ពុជា

ក្រុងកំពង់ឆ្នាំង (ថ្ងៃទី08 ខែសីហា )៖ បុគ្គលិក និងថ្នាក់គ្រប់គ្រងនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចូលរួមពិធីប្រគល់និងទទួល បន្ទប់អនាម័យដែលបានជួសជុលរួចនៅសាលាមត្តេយ្យសិក្សាមិត្តភាព នៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី08 ខែសីហា ឆ្នាំ2015។ កិច្ចការដ៏មានអត្ថន័យនេះ ជាផ្នែកមួយនៃគម្រោងមនុស្សធម៌មួយ ឈ្មោះថា“ញញឹមជាមួយគ្នា” ឬ “Smile Together” ដើម្បីចូលរួម ជួសជុលឡើងវិញសាលារៀនមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោងមួយនេះ ត្រូវបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមផ្ទាល់នៃបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅពេលពួកគេបានដឹង និងយល់ច្បាស់អំពីការលំបាករបស់កុមារាកុមារី កំពុងសិក្សានៅក្នុងបន្ទប់រៀនចាស់ៗ និងមានដំបូលធ្លុះធ្លាយនៅសាលារៀន មួយចំនួននៅតាមបណ្តាខេត្ត។ គម្រោង “ញញឹមជាមួយគ្នា” នេះ មានគោលដៅសំខាន់ ក្នុងការចូលរួមចំណែកជុសជួលអាគារ និងការផ្តល់សម្ភារៈសិក្សា មួយចំនួន ដើម្បីបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់កុមារ។ គួរកត់សម្គាល់ថា ថវិកា សម្រាប់អនុវត្តគម្រោងនេះ បានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តពីថ្នាក់គ្រប់គ្រង និងបុគ្គលិក និងក្រុមហ៊ុនព្រូដិនសលកម្ពុជាផ្ទាល់។

នៅពេលចូលរួមក្នុងកម្មវិធីប្រគល់ និងទទួលបន្ទប់អនាម័យជួសជុលរួចនេះ លោក ឈឿង គីរីរ័ត្ន តំណាងបុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា៖ “កត្តាសំខាន់ដែលនាំឲ្យយើងអនុវត្តគម្រោងញញឹមជាមួយគ្នានេះ គឺដោយសារក្រុមហ៊ុន ព្រូដិនសលកម្ពុជា ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយយើងបាន ទទួលផលពីអាជីវកម្មរបស់យើង។ ដូចនេះ បុគ្គលិក និងក្រុមហ៊ុនមានឆន្ទៈចូលរួមផ្តល់នូវសមិទ្ធិផលត្រលប់ជូនទៅសហគមន៍កម្ពុជាយើងវិញ ពោលគឺដើម្បីការរីកច្រើននៃសង្គមយើង”។

តាំងពីដើមឆ្នាំ 2015 ក្រុមហ៊ុនបានកំណត់យកសាលារៀននៅតាមខេត្តមួយចំនួន ដើម្បីឲ្យទទួលបានអត្ថប្រយោជន៍ពីគម្រោង “ញញឹមជាមួយគ្នា” ក្នុងនោះរួមមាន សាលាបឋមសិក្សាស្វាយទាប ក្នុងខេត្តកំពង់ចាម សាលាបឋមសិក្សាពាមរក៍ ក្នុងខេត្តព្រៃវែង សាលាបឋមសិក្សាខ្យាង និងសាលាមត្តេយ្យមិត្តភាព ក្នុងខេត្តកំពង់ឆ្នាំង។ ការជ្រើសរើសសាលារៀនទាំងនេះគឺផ្អែកលើលក្ខណៈ វិនិច្ឆ័យផ្ទាល់ពីក្រុមហ៊ុន និងតាមការណែនាំពីដៃគូរបស់ខ្លួនគឺអង្គការ Save the Children ។ សិស្សានុសិស្សច្រើនជាង1500នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។

លោក ឈឿង គីរីរ័ត្ន បានថ្លែងបន្តទៀតថា ក្នុងនាមតំណាងឲ្យបុគ្គលិកទាំងអស់ អ្វីដែលសប្បាយបំផុត គឺបានឃើញកុមារាកុមារី ទទួលបាននូវបរិយាកាសសិក្សាល្អមួយ ពិសេសនៅថ្នាក់ មត្តេយ្យតែម្តង ពីព្រោះកុមារគឺជាទំពាំងស្នងឬស្សី។ ចាប់តាំងពីការ អនុវត្តគម្រោងនេះ មានបុគ្គលិក ក្រុមហ៊ុនជាច្រើនរយនាក់បានចូលរួមការងារស្ម័គ្រចិត្តដូចជាលាបពណ៌អាគារ បង្អួច ទ្វារ រៀបចំឡើងវិញនូវថ្នាក់រៀន ជួសជុលបន្ទប់រៀន និងផ្តល់សម្ភារៈសិក្សាក្នុងបណ្ណាល័យនានាជាដើម។ ពួកគេមានអារម្មណ៍ ពេញចិត្តចំពោះការចូលរួមទាំងកំលាំងកាយ កំលាំងចិត្ត និងថវិកា ផ្ទាល់របស់ពួកគេ។

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សាលាមត្តេយ្យសិក្សាមិត្តភាព បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចំពោះការជួយសាលារៀនរបស់ពួកគេ។ លោកស្រី អ៊ុយ ណាវីន នាយិកាសាលាមត្តេយ្យមិត្តភាព បានបង្ហាញចំណាប់អារម្មណ៍ដោយក្តីរីករាយថា សមិទ្ធិផល ដែលក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានជួយដល់សាលាមត្តេយ្យមិត្តភាព មានអត្ថន័យ និងសារៈសំខាន់ ហើយបានជួយឲ្យកុមារ និងអ្នកគ្រូមានបន្ទប់អនាម័យស្អាតល្អ ពិសេស ល្អសម្រាប់សុខភាពរបស់ពួកគេ លើសពីនេះទៅទៀតនោះ គឺបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាស សិក្សាក្នុងសាលា។

គម្រោង “ញញឹមជាមួយគ្នា” គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដើម្បីចូលរួម ដល់ការអភិវឌ្ឍន៍ទៅមុខរបស់ប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានរៀបចំផ្សព្វផ្សាយគំនូរជីវចលអប់រំផ្នែក ហិរញ្ញវត្ថុជាភាសាខ្មែរសម្រាប់កុមារ ឈ្មោះថា ឆា-ឈីង (Cha-Ching)និងបានបន្តចូលរួមផ្តល់អាហារូបករណ៍ Chevening ដល់និស្សិតឆ្នើមរបស់ប្រទេសកម្ពុជា ទៅបន្តសិក្សានៅចក្រភពអង់គ្លេសផងដែរចាប់តាំងពីឆ្នាំ2013 មក។

Back to Top