តើលោកអ្នកចេះត្រៀមលក្ខណៈចំពោះគ្រោះធម្មជាតិដែរ ឬទេ?

Safe_Step_Prudence_Foundation_and_National_Geographic_Channel_launching

Safe_Step_Prudence_Foundation_and_National_Geographic_Channel_launching

មូលនិធិ ព្រូដិនស៍ និងទូរទស្សន៍ National Geographic សម្ពោធកម្មវិធី ស្ដីពីការត្រៀមល្ខណៈ និងការយល់ដឹងអំពីគ្រោះធម្មជាតិ ហៅថា “ជំហានសុវត្ថិភាព” ឬ Safe Steps នៅក្នុងតំបន់អាស៊ីដោយមានកីឡាករប្រដាល់អន្តរជាតិដ៏ល្បីល្បាញ លោក Manny Pacquiao ជាទូតតំណាងឱ្យគំនិតផ្ដួចផ្ដើមថ្មីនេះ

ហុងកុង ថ្ងៃទី 19 សីហា 2014 - មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៏ប្រចាំតំបន់របស់ សាជីវកម្មព្រូដិនសលអាស៊ី សូមប្រកាសថា មូលនិធិបានសហការជាមួយនឹងជើងឯកកីឡាប្រដាល់អន្តរជាតិ និងជាសកម្មជនមនុស្សធម៌គឺ លោក Manny Pacquiao និងទូរទស្សន៍ National Geographic Channel ដែលជាស្ថាប័នមួយរបស់បណ្ដាញប៉ុស្តិ៍ទូរទស្សន៍ FOX អន្តរជាតិ (FIC) ដើម្បីបើកឱ្យដំណើរការនូវកម្មវិធី “ជំហានសុវត្ថិភាព” (Safe Steps) ។ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការត្រៀមលក្ខណៈ និងការយល់ដឹងពីគ្រោះធម្មជាតិ នៅក្នុងតំបន់តាមរយៈការផ្សព្វផ្សាយអប់រំអំពីគន្លឹះការការពារជីវិតនៅចំពោះមុខគ្រោះធម្មជាតិ។

អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់ដែលងាយរងគ្រោះបំផុត និងបានរងផលប៉ះពាល់ពីគ្រោះធម្មជាតិច្រើនជាងគេបំផុតក្នុងលោក។ ក្នុងរយៈកាលបួនទសវត្សរ៍មកនេះ 75 ភាគរយនៃគ្រោះធម្មជាតិក្នុងសកលលោក គឺកើតមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានឆក់យកជីវិតមនុស្សរហូតដល់ទៅ 2 លាននាក់។

ជំហានសុវត្ថិភាព គឺជាកម្មវិធីអប់រំរយៈពេលវែង អំពីការត្រៀមលក្ខណៈចំពោះគ្រោះធម្មជាតិ ដោយប្រើមធ្យោបាយជាច្រើន ដូចជាវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ គេហទំព័រសម្រាប់ផ្ដល់ដំណឹង និងឯកសារអប់រំ ដែលអាចចែករំលែកតាមរយៈសកម្មភាពតាមមូលដ្ឋាន។ ផ្នែកសំខាន់នៃកម្មវិធីនេះ គឺវីដេអូអប់រំជាភាគដែលមួយភាគៗ មានរយៈពេល 60 វិនាទី ដែលផលិតដោយ FIC និងទូរទស្សន៍ National Geographic Channel និងសម្ដែងដោយទូតតំណាងកម្មវិធី “ជំហានសុវត្ថិភាព” គឺលោក Manny Pacquiao ដែលផ្ដល់គន្លឹះសំខាន់ៗអំពីការការពារជីវិត ដែលបុគ្គល និងក្រុមគ្រួសារនានាគួរយល់ដឹងនៅពេលមានគ្រោះធម្មជាតិកើតឡើង។

លោក Barry Stowe ប្រធានមូលនិធិព្រូដិនស៍ និងជានាយកប្រតិបត្តិសាជីវកម្មព្រូដិនសលអាស៊ី បានមានប្រសាសន៍ថា ៖ “ការត្រៀមលក្ខណៈ និងការកសាងជីវិតឡើងវិញចេញពីគ្រោះធម្មជាតិ គឺជាគោលដៅជាសសរស្ដម្ភសំខាន់របស់ មូលនិធិព្រូដិនស៍ ។ យើងមានក្តីរីករាយក្នុងការសម្ពោធដាក់ឱ្យអនុវត្តនូវកម្មវិធី ជំហានសុវត្ថិភាព ដែលជាការបោះជំហានដ៏មានតម្លៃទៅមុខក្នុងការកសាង សហគមន៍ដែលរឹងមាំ។ ការលើកកម្ពស់ ឱ្យសហគមន៍ចេះត្រៀមលក្ខណៈឆ្លើយតបចំពោះគ្រោះធម្មជាតិ និង កាត់បន្ថយការប្រឈម គឺជាអាទិភាពចម្បង និងជាកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលនានាក្នុងទ្វីបអាស៊ី។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលផ្ដោតលើការជួយប្រជាជនឱ្យចេះគ្រប់គ្រងស្ថានការណ៍គ្រោះថ្នាក់ យើងជឿថាកម្មវិធី ជំហានសុវត្ថិភាព នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយជួយដោះស្រាយនូវតម្រូវការសំខាន់ៗ។ ការចេះត្រៀមលក្ខណៈ គឺជាជំហានដំបូង និងសំខាន់បំផុតក្នុងការទប់ទល់ និងការពារជីវិតពីគ្រោះមហន្តរាយ។ វាពិតជាសំខាន់ ក្រៃលែង ដែលប្រជាពលរដ្ឋត្រូវមានចំណេះដឹងអំពីការការពារខ្លួន នៅពេលគ្រោះមហន្តរាយកើតឡើង"។

លោក Manny Pacquiao បានសម្ដែងមតិជុំវិញតួនាទីរបស់លោក ក្នុងនាមជាទូតតំណាងកម្មវិធី ជំហានសុវត្ថិភាព ថា ៖ “ខ្ញុំមានក្តីរីករាយដែលបានសហការជាដៃគូជាមួយនឹងមូលនិធិព្រូដិនស៍ និងទូរទស្សន៍ National Geographic Channel ក្នុងកម្មវិធី ជំហានសុវត្ថិភាព នេះហើយខ្ញុំក៏មានកិត្តិយសដែលបានក្លាយជាទូតតំណាងកម្មវិធីនេះផងដែរ។ នៅពេលដែលគេបង្ហាញកម្មវិធីនេះ ឱ្យខ្ញុំបានដឹង ខ្ញុំចង់ចូលរួមភ្លាម ដោយមិនគិតយូរឡើយ។ បន្ទាប់ពីបានមើលឃើញដោយផ្ទាល់ភ្នែកនូវមហន្តរាយដោយសារ ខ្យល់ព្យុះទីផុង Yolanda ក្នុងទីក្រុង Tacloban កាលពីខែវិច្ឆិកាឆ្នាំមុន ខ្ញុំមានជំនឿយ៉ាងមុតមាំថា យុទ្ធនាការនេះមានសារសំខាន់ក្នុង ការជួយសង្គ្រោះជីវិតមនុស្ស មិនមែនត្រឹមតែក្នុងប្រទេសហ្វ៊ីលីពីនតែមួយទេ ប៉ុន្តែក្នុងតំបន់អាស៊ីទាំងមូល។ ដោយមានគន្លឹះការពារ ជីវិតទាំងអស់នេះ យើងទាំងអស់គ្នានឹងរស់រានមានជីវិត!”។

លោក Marc Fancy នាយកប្រតិបត្តិនៃមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា ៖ “លោក Manny Pacquiao គឺជាជម្រើសល្អសក្តិសម ជាទូតតំណាងកម្មវិធី ជំហានសុវត្ថិភាព នេះ។ គាត់ជាអ្នកធ្លាប់គេចផុតពីគ្រោះធម្មជាតិ គាត់យល់អំពីផលប៉ះពាល់នៃគ្រោះធម្មជាតិ ដែលធ្លាប់កើតមាននៅក្នុងប្រទេសហ្វ៊ីលីពីន។ គាត់ជានិមិត្តិរូប និងជាសកម្មជនមនុស្សធម៌ផងដែរ។ នៅពេលដែលគាត់បានដឹងអំពី កម្មវិធីនេះ និងតួនាទីរបស់គាត់ គាត់បានយល់ព្រមសហការភ្លាមៗ។ យើងសូមថ្លែងអំណរគុណចំពោះរូបគាត់ ដែលបានចំណាយ ពេលវេលាដើម្បីបុព្វហេតុដ៏មានតម្លៃបែបនេះ និងអរគុណសម្រាប់ការគាំទ្ររបស់គាត់ ក៏ដូចជាការគាំទ្រពីទូរទស្សន៍ National Geographic Channel ចំពោះគំនិតផ្ដួចផ្ដើមនេះ”។

កម្មវិធី ជំហានសុវត្ថិភាព ជាបឋមនឹងផ្ដោតលើវិធានក្នុងការការពារជីវិត នៅក្នុងស្ថានភាពមានគ្រោះមហន្តរាយដែលកើតមាន ញឹកញយបំផុតក្នុងតំបន់អាស៊ី ដូចជាខ្យល់ព្យុះទីផុង រញ្ជួយផែនដី ទឹកជំនន់ និងអគ្គិភ័យ ក៏ដូចជា គន្លឺះស្ដីពីការរៀបចំសម្ភារៈសង្គ្រោះ ជីវិតបន្ទាន់ជាដើម។ វីដេអូស្ដីពីព្យុះទីផុង និងរញ្ជួយផែនដីចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃសុក្រ ទី 23 ឧសភា 2014 ទូទាំងទ្វីបអាស៊ី នៅលើប៉ុស្តិ៍ទូរទស្សន៍ចំនួន 13 ប៉ុស្តិ៍ របស់បណ្ដាញទូរទស្សន៍ FIC ដូចជាប៉ុស្តិ៍ National Geographic, Nat Geo Wild, Nat Geo People, Fox, Fox Crime, Fox Movies Premium, Fox Sports, FX, Star Movies, Star Chinese Movies, Star Sports, Star World, និង Channel V ដែលនឹងផ្សព្វផ្សាយដល់ប្រជាជនជាង 24 លានគ្រួសារក្នុងទ្វីបអាស៊ី ។ ខ្លឹមសារវីដេអូនឹងត្រូវបានផលិតជា 8 ភាសាផ្សេងទៀតផងដែរ ដូចជា ភាសាកាតាំង ភាសាកុកងឺ ភាសា បាហាសាឥណ្ឌូនេស៊ី ភាសា បាហាសាម៉ាឡេស៊ី ភាសា តាកាឡុក ភាសាថៃ ភាសាវៀតណាម និង ភាសាខ្មែរ

លោក Joon Lee អនុប្រធានប្រតិបត្តិខាងផ្នែក មាតិកា និងទំនាក់ទំនង របស់បណ្ដាញប៉ុស្តិ៍ទូរទស្សន៍ FOX អន្តរជាតិប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា ៖ “កម្មវិធី ជំហានសុវត្ថិភាព គឺជាកម្មវិធីដ៏មានតម្លៃ និងគួរឱ្យកោតសរសើរ ដែលប៉ុស្តិ៍ទូរទស្សន៍ National Geographic Channel ក៏ដូចជាបណ្ដាញទូរទស្សន៍ FIC មានមោទនភាពក្នុងការគាំទ្រយ៉ាងពេញទំហឹង។ ប៉ុស្តិ៍ទូរទស្សន៍ National Geographic មានឈ្មោះបោះសំឡេងដោយសារតែបេសកកម្មរបស់ខ្លួនដែលជំរុញទឹកចិត្តអ្នកទស្សនាឱ្យយកចិត្តទុកដាក់ចំពោះ ពិភពលោករបស់យើង តាមរយៈខ្លឹមសារកម្សាន្ត និងអប់រំប្រកបដោយភាពប៉ិនប្រសប់ ។ តាមរយៈគុណភាពនៃការផ្សាយរបស់ ទូរទស្សន៍ National Geographic Channel និងការប្ដេជ្ញាចិត្តខ្ពស់ចំពោះការអប់រំ គួបផ្សំនឹងកិត្តិនាមរបស់បណ្ដាញទូរទស្សន៍ FIC ដែលជាបណ្ដាញផ្សព្វផ្សាយធំជាងគេបំផុតនៅអាស៊ី យើងមានបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងសម្រាប់ ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ អំពីការត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយ” ។

នៅក្នុងប្រទេសហ្វ៊ីលីពីន បណ្ដាញទូរទស្សន៍ដែលធំជាងគេ នឹងមានសិទ្ធិចាក់ផ្សាយព័ត៌មានសេវាសាធារណៈ (PSAs) របស់កម្មវិធី ជំហានសុវត្ថិភាព ។ តាមរយៈការិយាល័យការពារជនស៊ីវិល និងក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ (NDRRMC) រដ្ឋាភិបាលហ្វ៊ីលីពីននឹងអនុម័តលើកម្មវិធី ជំហានសុវត្ថិភាព នេះផងដែរ ហើយគណៈកម្មាធិការត្រួតពិនិត្យ និងចាត់ថ្នាក់ខ្សែភាពយន្ត និងទូរទស្សន៍ (MTRCB) បានយល់ព្រមឱ្យមានការចាក់ផ្សាយព័ត៌មានសេវាសាធារណៈ (PSAs) នេះតាមរោងភាពយន្តទូទាំង ប្រទេស។

វីដេអូអប់រំ ក៏មានផ្សាយនៅលើគេហទំព័រកម្មវិធី ជំហានសុវត្ថិភាព www.safesteps.com ។ អ្នកចូលទស្សនាក្នុងគេហទំព័រនេះ អាចអាន ព័ត៌មានដែលមិនបានសង្ខេបអំពីគន្លឹះការពារជីវិត ក៏ដូចជាឯកសារអប់រំ ដូចជាប័ណ្ណក្រាហ្វិកព័ត៌មាន និងផ្ទាំងរូបភាពនានាដែលអាច ទាញយកទុកដើម្បីងាយស្រួលក្នុងការចងចាំនូវគន្លឹះទាំងអស់នោះ។ តាមរយៈការផ្សាយទាំងនៅលើទូរទស្សន៍ គេហទំព័រ និងឯកសារ អប់រំកម្មវិធី ជំហានសុវត្ថិភាព មានគោលបំណងផ្សព្វផ្សាយព័ត៌មានសំខាន់ៗអំពីការសង្គ្រោះជីវិត ដើម្បីឱ្យប្រជាជននៅតំបន់អាស៊ី កាន់តែច្រើនតាមដែលអាចធ្វើបានបានជ្រាប។

រាល់គន្លឹះការពារជីវិតដែលផ្សព្វផ្សាយតាមវីដេអូ និងគេហទំព័ររបស់កម្មវិធី ជំហានសុវត្ថិភាព បានទទួលការអនុម័តយល់ព្រមពី សហព័ន្ធកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមអន្តរជាតិ ។

ក្រៅពីវីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ មូលនិធិព្រូដិនស៍ ក៏បានសហការជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងការចែក ឯកសារកម្មវិធី ជំហានសុវត្ថិភាព តាមរយៈកម្មវិធី កាត់បន្ថយការប្រឈមនឹងគ្រោះមហន្តរាយ ដែលមានស្រាប់នៅក្នុងតំបន់។ ការត្រៀម លក្ខណៈ និងការកសាងជីវិតឡើងវិញគឺជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពផ្សេងទៀតរបស់ មូលនិធិព្រូដិនស៍ ដូចជា បញ្ហាកុមារ និងការអប់រំជាដើម ។ គំនិតផ្ដួចផ្ដើម ស្ដីពីការត្រៀមលក្ខណៈ និងគ្រោះមហន្តរាយដែលកំពុងតែអនុវត្តដោយ មូលនិធិព្រូដិនស៍ រួមមានកម្មវិធី សាលាសុវត្ថិភាព ដែលមានគោលបំណងលើកកម្ពស់ការត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយ តាមសាលារៀន ក្នុងប្រទេសហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ថៃ និង វៀតណាម ដោយសហការជាមួយនឹងអង្គការសង្គ្រោះកុមារ (Save the Children) និងអង្គការ ភ្លែនអន្តរជាតិ (Plan International)។

លោក Barry Stowe ប្រធានមូលនិធិព្រូដិនស៍ និងជានាយកប្រតិបត្តិក្រុមហ៊ុនសាជីវកម្មព្រូដិនសលអាស៊ី បានថ្លែងបញ្ចប់ថា ៖ “កម្មវិធី ជំហានសុវត្ថិភាព គឺជាតឹកតាងបង្ហាញពីការប្ដេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ព្រូដិនសល ដើម្បីបុព្វហេតុសុវត្ថិភាព និងភាព ចំរុងចម្រើនរបស់សហគមន៍ ដែលមានវត្តមានរបស់ក្រុមហ៊ុន ។ យើងសង្ឃឹមថា កម្មវិធីនេះនឹងដើរតួនាទីជាកាតាលីករក្នុងការពង្រឹង កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងវិស័យឯកជន រដ្ឋាភិបាល សហគមន៍ និងអង្គការមនុស្សធម៌ ក្នុងការលើកកម្ពស់ការត្រៀមលក្ខណៈ ចំពោះគ្រោះមហន្តរាយ ការជួយសង្គ្រោះ និងការកសាងជីវិតឡើងវិញនៅក្នុងតំបន់” ។

Back to Top