ក្រុមហ៊ុន ព្រូដិនសល គាំទ្រក្រសួងអប់រំ យុវជន និងកីឡា លើកកម្ពស់ការរៀនសូត្រ សម្រាប់កុមារមុនគ្រប់អាយុចូលសាលា

ក្រុមហ៊ុន ព្រូដិនសល ចាប់ដៃគូជាមួយនឹងអង្គការ Save the Children ពង្រីកកម្មវិធីអប់រំដល់កុមារកម្ពុជាជាង 5ម៉ឺននាក់

រាជធានីភ្នំពេញ, កម្ពុជា ខែមេសា ឆ្នាំ2014៖ ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី (ហៅកាត់ថា ព្រូដិនសល) ដោយមានការគាំទ្រពី មូលនិធិព្រូដិនស៍ (Prudence Foundation) កំពុងផ្ដល់ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្ដល់ ឱកាសត្រឹមត្រូវក្នុងការចាប់ផ្ដើមជីវិតសម្រាប់កុមារតាមរយៈ ការគាំទ្រកម្មវិធីអប់រំមុនពេលគ្រប់អាយុចូលសាលា ហៅថាកម្មវិធី អំណាន ដំបូង (First Read) ដោយសហការជាដៃគូជាមួយអង្គការ Save the Children នៅក្នុងប្រទេសកម្ពុជា។

ក្រោមការគាំទ្រពី មូលនិធិព្រូដិនស៍ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ Save the Children នឹងពង្រីកកម្មវិធី អំណានដំបូង ដល់កុមារជាង 5ម៉ឺននាក់ ចាប់ពីពេលកើតរហូតដល់អាយុ 6ឆ្នាំនៅក្នុងខេត្តចំនួន 3 គឺ កំពង់ចាម ព្រៃវែង និងក្រចេះ។

ក្នុងរយៈពេល 3ឆ្នាំតទៅមុខ កម្មវិធីនេះនឹងជួយដល់កុមារកម្ពុជា ក្នុងការសិក្សា និងអភិវឌ្ឍ សក្ដានុពលរបស់ខ្លួនឱ្យបានពេញលេញ។ កម្មវិធីនេះធ្វើការជាមួយឪពុកម្ដាយកុមារដែលមិនទាន់គ្រប់អាយុចូលសាលាដើម្បីផ្ដល់ចំណេះដឹងជំនាញ និងសម្ភារផ្សេងៗ ដល់ឳពុក ម្តាយដើម្បីគាំទ្រដល់ការរៀនអក្សរ និងលេខនព្វន្តរបស់កូនៗគាត់។ កម្មវិធីនេះក៏ផ្តោតលើសុខុមាលភាពផ្នែករាងកាយ និងអាហា រូបត្ថម្ភរបស់កុមារផងដែរ ដើម្បីជួយឱ្យពួកគេទទួលបានជោគជ័យក្នុងការរៀនសូត្រនាថ្ងៃអនាគត។ តាមរយៈការចែករំលែកនូវ ចំណេះដឹង និងធនធាន។ លក្ខណៈក្រៅផ្លូវការ កម្មវិធីនេះនឹងផ្ដល់អត្ថប្រយោជន៍ដោយប្រយោលដល់កុមារជាង 43ម៉ឺននាក់ និង មនុស្សពេញវ័យចំនួន 28ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។

កាលពីសប្តាហ៍មុន (ទី2 ខែមេសា) ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ លោក ផាន់កាជ បាណឺជី អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក ម៉ាក ហ្វេនស៊ី នាយកប្រតិបត្តិ មូលនិធិព្រូដិនស៍ និងលោក អែនឌ្រូ ម័រ នាយកប្រចាំប្រទេសនៃអង្គការ Save the Children បានចុះទៅពិនិត្យសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តព្រៃវែង ដែលកំពុង អនុវត្តកម្មវិធី អំណានដំបូង នេះ។ ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន ក៏បានជួបពិភាក្សាជាមួយឪពុកម្តាយ ដែលចូលរួមក្នុងកម្មវិធី តំហែទាំ និងការអភិវឌ្ឍន៍កុមារភាពនៅតាមផ្ទះផងដែរ។

អំឡុងពេលចុះទៅពិនិត្យសាលារៀន និងមណ្ឌលសិក្សាតាមផ្ទះក្នុងខេត្តព្រៃវែង ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ តាងនាមឲ្យក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់។ ខ្ញុំសូម សម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន ព្រូដិនសល ដែលបានបង្កើតជា មូលនិធិព្រូដិនស៍ នេះឡើងដើម្បីជួយ ទៅដល់អង្គការសង្រ្គោះកុមារកម្ពុជា ក្នុងការបង្កើតឲ្យមានការជួយទៅដល់ការអប់រំកុមារតូចសម្រាប់ 3ខេត្តគឺ​ ខេត្តព្រៃវែង ខេត្ត កំពង់ចាម និងខេត្តក្រចេះ ហើយជាពិសេសនៅក្នុងឃុំពាមរនេះ។ ”

នៅក្នុងដំណើរអម ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក ផាន់កាជ បាណឺជី (Pankaj Banerjee) អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ កម្មវិធីអំណានដំបូង នេះគឺស្របទៅនឹងគោលការណ៍ នៃការអប់រំ និងគោលការណ៍សង្គមរបស់ក្រុមហ៊ុន ព្រូដិនសល។ កុមារដែលមានការអប់រំល្អ គឺជាមូលដ្ឋានគ្រឹះនៃសង្គមមួយដែលរឹងមាំ និងមានស្ថិរភាព ហើយក្រុមហ៊ុន ព្រូដិនសល បេ្តជ្ញាធ្វើឲ្យប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើង។ យើងមានកិត្តិយសដែលអាច រូមចំណែកផ្តល់ការគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា និងការសហការជាដៃគូជាមួយអង្គការ Save the Children នៅក្នុង បុព្វហេតុដ៏ចម្បងនេះ។”

តាមរយៈការចុះជួបផ្ទាល់នៅក្នុងសកម្មភាពនៃការអនុវត្តកម្មវិធី អំណានដំបូង នេះលោក ម៉ាក ហ្វេនស៊ី (Marc Fancy) នាយកប្រតិបត្តិ មូលនិធិព្រូដិនស៍ មានប្រសាសន៍ថា “ អ្វីដែលជាលទ្ធផលពិតប្រាកដសព្វថ្ងៃនេះ គឺថាអ្នកអាចឃើញហើយថាសហគមន៍គឺចេះមាន គំនិតផ្ដួចផ្ដើមដោយខ្លួនឯង។ ពួកគាត់ចង់ចូលរួមក្នុងសកម្មភាពនេះ។ ពួកគាត់ពុំចាំបាច់មានចំណេះដឹងជំនាញ ឬចំណេះធ្វើឡើយ ដើម្បីអនុវត្តតាមកម្មវិធីនេះ។ ដូច្នេះហើយទើបអង្គការ Save the Children និង មូលនិធិព្រូដិនស៍ សហការរួមគ្នាបង្កើតកម្មវិធីនេះឡើង ហើយយើងអាចធ្វើការជាមួយសហគមន៍ក្នុងការផ្តល់នូវសម្ភារសិក្សា និងជំនាញដែលត្រឹមត្រូវដល់សហគមន៍។”

ឯកឧត្តម បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ាក ហ្វេន ស៊ី នាយកប្រតិបត្តិ មូលនិធិព្រូដិនស៍ ក៏បានជួបពិភាក្សាអំពីកម្មវិធី អំណានដំបូង នេះជាមួយតំណាងអង្គការ Save the Children ព្រមទាំងមន្ត្រីមូលដ្ឋានផងដែរ។

លោក អែនឌ្រូ ម័រ នាយកប្រចាំប្រទេសនៃ អង្គការ Save the Children មានប្រសាសន៍ថា “ កម្មវិធីនេះមានអនុវត្តក្នុងខេត្តចំនួន 3 ផ្សេងគ្នា ក្រោមការឧបត្ថម្ភពី មូលនិធិព្រូដិនស៍។ វាជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតរបស់អង្គការ Save the Children ពាក់ព័ន្ធនឹងការអប់រំ។ អ្វីដែលសំខាន់បំផុតសម្រាប់កម្មវិធីនេះគឺការរៀបចំកុមារត្រៀមឲ្យចូលរៀន។ យើងយល់ថាកុមារ នៅទូទាំងប្រទេសកម្ពុជាដែលបានចូលរួមនៅក្នុងកម្មវិធីអភិវឌ្ឍន៍កុមារភាពនោះ គឺរៀនពូកែពេលនៅសាលារៀន ក៏ដូចជាអនុវត្តបាន ល្អនៅក្នុងជីវិត។”

គោលដៅសំខាន់សម្រាប់កម្មវិធី អំណានដំបូង របស់អង្គការ Save the Children នោះគឺការជម្រុញទឹកចិត្តកុមារអាយុក្រោម 6ឆ្នាំឲ្យសិក្សា និងអភិវឌ្ឍសក្ដានុពលរបស់ខ្លួនឲ្យបានពេញលេញតាមរយៈការស្គាល់សម្ភារសិក្សានានា តាំងពីវ័យក្មេង។ វិធីមួយក្នុង ចំណោមវិធីជាច្រើនដែល មូលនិធិព្រូដិនស៍ និងក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននឹងកំពុងជួយជ្រោមជ្រែងដល់កម្មវិធីអំណានដំបូង នោះគឺការ ឧបត្ថម្ភនូវសម្ភារសម្រាប់ការហាត់រៀនអានដល់កម្មវិធីនេះ ។

មូលនិធិព្រូដិនស៍ ត្រូវបានបង្កើតដោយសាជីវកម្ម ព្រូដិនសល ប្រចាំតំបន់អាស៊ីដើម្បីពង្រឹងការប្ដេជ្ញាចិត្តយូរអង្វែងរបស់ខ្លួនក្នុងការ បម្រើដល់សហគមន៍ដែលខ្លួនកំពុងប្រតិ្តបត្តិការអាជីវកម្ម។

អង្គការ Save the Children គឺជាអង្គការអន្តរជាតិឈានមុខគេមួយដែលផ្ដោតលើកុមារ ដែលធ្វើការទាំងលើផ្នែកអភិវឌ្ឍន៏សហគមន៍ និងកិច្ចការមនុស្សធម៌នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ អង្គការ Save the Children ចាប់ផ្ដើមធ្វើការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ1979 មកម្ល៉េះ ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា។

ទន្ទឹមនឹងនេះ មូលនិធិព្រូដិនស៍ ក៏កំពុងសហការជាមួយអង្គការ Save the Children ក្នុងការជួយគាំទ្រដល់កម្មវិធីអប់រំ និងត្រៀមបង្ការ គ្រោះមហន្តរាយនៅក្នុងប្រទេស ហ្វីលីពីន ឥណ្ឌូនេស៊ី និង វៀតណាមផងដែរ។

Back to Top