សិក្ខាសាលាអប់រំផ្សព្វផ្សាយសេវាធានារ៉ាប់រងអាយុជីវិតរបស់ព្រូដិនសលកម្ពុជា វិលមកកាន់រាជធានីភ្នំពេញ

សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​របស់​ព្រូដិនសល​កម្ពុជា​ វិលមកកាន់​រាជធានី​ភ្នំពេញ​

វគ្គ​អប់រំផ្សព្វផ្សាយ​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​លើក​ទី​៣​​ក្នុង​ចំណោម​វគ្គអប់រំ​ទាំង​១៤របស់​ក្រុមហ៊ុន​ ព្រូដិនសល​កម្ពុជា​​​ធ្វើ​ឡើង​នៅ​ក្នុងរាជធានីភ្នំពេញ​

រាជ​ធានី​ភ្នំពេញ​, ថ្ងៃ​ទី​១៥ ខែមិថុនា​ ឆ្នាំ​២០១៣៖  ក្រុមហ៊ុន ​​ព្រូដិនសល​​កម្ពុជា​ ជា​​ក្រុមហ៊ុន​​បុត្រសម្ព័ន្ធ​​ដែល​​​ជា​​​កម្ម​សិទ្ធិ​​​ផ្តាច់​មុខ​​នៃ​​​ក្រុម​ហ៊ុន​​​ព្រូដិនសល​ ភី​អិល​​ស៊ី (Prudential Plc) ដែល​​មាន​​មូលដ្ឋាន​​​នៅ​​ចក្រ​ភព​​អង់​​គ្លេស បាន​នាំយក​វគ្គអប់រំ​​ផ្សព្វផ្សាយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដ៏ពេញ​និយម​ របស់​ខ្លួនវិល​មក​​កាន់​រាជធានី​ភ្នំពេញ​វិញ ​នៅ​ខែ​មិថុនា​ ដើម្បី​​​​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​​កើន​ឡើងរបស់​ក្រុម​គ្រួសារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

វគ្គ​អប់រំ​ផ្សព្វ​ផ្សាយ​​ដែល​មាន​ការ​សហការ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុនេះ​ ​​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​អប់រំ​ប្រជាជន​កម្ពុជា​អំពី​អត្ថប្រយោជន៍​នៃ​សេវា​ធានារ៉ាប់រង​អាយុជីវិត​។​​

ដើម្បីឪ្យស្រប​ទៅ​នឹង​​គោល​បំណង​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដែល​មាន​សារប្រយោជន៍​អំពី​ផលិត​​ផល​​ធានារ៉ាប់រង​អាយុ​ជីវិត​ដល់​ទីផ្សារ​កម្ពុជានោះ​។ ក្រុមហ៊ុន​ ព្រូ​ដិនសល​កម្ពុជា​ បាន​នឹង​កំពុង​រៀប​ចំ​សិក្ខាសាលា​អប់រំ​ផ្សព្វផ្សាយ​នៅតាម​រាជធានីនិង​តាម​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​។​

វគ្គ​អប់រំ​ផ្សព្វផ្សាយ​អំពី​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​លើក​ទី​មួយ​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​​ខែ​មេសា​ ក្នុង​រាជធានី​​ភ្នំពេញ​ និង​លើក​ទីពីរ​នៅ​ខែ​ឧសភា​ ក្នុង​ខេត្ត​បាត់ដំបង​។ កម្មវិធី​អប់រំ​នីមួយៗ​មានការ​ចូល​រួម​ពី​ប្រជាជន​កម្ពុជាជា​ច្រើន​រយ​នាក់។​

លោក​ Pankaj Banerjee អគ្គ​​នាយក​​ក្រុមហ៊ុន​​​ ព្រូដិនសល​​​កម្ពុជា​​ បាន​​​ថ្លែង​​​​ថា​ “​​រាជធានី​​ភ្នំពេញ​ គឺជាតំបន់​រស់នៅ​​ដ៏​សំខាន់មួយ​​​របស់​ប្រជាជននៅ​ក្នុង​ប្រទេស​​កម្ពុជា​​​​​​។ ហេតុ​ដូចនេះ​​ បានជា​យើង​នាំ​យក​​វគ្គអប់រំ​ផ្សព្វផ្សាយ​នេះ​​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញម្តងទៀត​”។​ លោក​បន្តថា​ “សិក្ខា​សាលា​អប់រំ​ដែល​​ប្រព្រឹត្ត​ទៅជា​លើក​ទីពីរ​នៅ​​ក្នុង​​ក្រុង​ភ្នំពេញ​​នេះ​​​​ ​នឹង​​ទទួល​បាននូវ​​​​​ការ​​ចាប់​អារម្មណ៍​ពី​អ្នក​ចូលរួម​កាន់​តែ​ច្រើន​ថែម​ទៀត​ផង​ដែរ។”

តាមរយៈ​វគ្គ​អប់រំ​ផ្សព្វ​ផ្សាយ​​នេះ​ ក្រុមហ៊ុន​ ​ព្រូដិនសល​កម្ពុជា មាន​​គោល​​បំណង​​អប់រំ​ផ្សព្វ​​ផ្សាយ​ដល់​អតិថិជន​​​ អំពី​អត្ថ​ប្រយោជន៍​នៃសេវាធានារ៉ាប់រង​អាយុជីវិត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ និង​ការ​​​បង្ហាញ​​​ប្រជា​ពលរដ្ឋ​ខ្មែរ​សាមញ្ញ​អំពី​ការ​​​​រៀប​ចំ​​ផែនការ​​ហិរញ្ញវត្ថុ​​នា​ថ្ងៃ​​​អនាគត​​​។​

ទាក់​ទង​ទៅ​នឹង​វគ្គ​អប់រំ​ផ្សព្វ​ផ្សាយ​នេះ​  ឯក​ឧត្តម​ ម៉ី​ វ៉ាន់​ ប្រធាន​​នាយក​ដ្ឋាន​​ឧស្សាហកម្ម​​ហិរញ្ញវត្ថុ​​ នៃ​ក្រសួង​​សេដ្ឋ​កិច្ច​​ និង​​ហិរញ្ញ​វត្ថុ​ បាន​​មាន​​ប្រសាសន៍​ថា​ “គ្មាន​អ្វី​​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ​ដែល​ថា​សេវា​​ធានារ៉ាប់​រង​​អាយុ​ជីវិត​​នឹង​​ដើរ​​តួ​នាទី​សំខាន់​ក្នុង​ការ​​ជួយ​​គ្រួសារ​​កម្ពុជា​​ ក្នុង​​ការ​ការពារ​​មនុស្ស​​ជា​ទី​ស្រលាញ់​រ​បស់​​ខ្លួន​​​ និង​ការ​សន្សំ​ប្រាក់​​សម្រាប់​​អនាគត​​កូន​ៗ​របស់​​​ពួក​គេ​។​​ ផលិត​​ផល​​​ធានា​រ៉ាប់​រង​​អាយុ​ជីវិត​​ គឺ​ជា​ផលិតផល​​ការ​ពារ​ហិរញ្ញ​វត្ថុ​​រយៈ​ពេល​​វែង​មួយ​ ដែល​​យើង​​ផ្តល់​អនុសាសន៍​ដល់​​ក្រុម​គ្រួសារ​ទាំង​​អស់​ឲ្យ​យក​មក​​ពិចារណា​​​​។​​ ក្នុង​នាម​ជា​​បញ្ញតិ្តករ​ធានា​រ៉ាប់​រង​​អាយុ​ជីវិត​​ ក្រសួង​​សេដ្ឋ​កិច្ច​​ និង​​ហិរញ្ញ​វត្ថុ​​ មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​​វគ្គ​អប់រំ​ផ្សព្វ​ផ្សាយ​ដ៏​សម​ស្រប​ ដើម្បី​ផ្សព្វ​ផ្សាយ​​ជូន​ដល់​​ប្រជា​ពល​រដ្ឋ​ ស្តី​ពី​​សេវា​ធានា​រ៉ាប់​​រង​អាយុ​ជីវិត​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ ​​ដោយ​មាន​ការ​​ចូល​រួម​ពី​       វិស័យ​ឧស្សាហកម្ម​ដែល​ពាក់ព័ន្ធ​នេះ​ ​ ដូច​​ដែល​​មាន​ការ​បង្ហាញ​ឡើង​​តាម​រយៈ​​វគ្គ​អប់រំ​ផ្សព្វ​ផ្សាយ​​ដែល​​រៀប​​ចំ​ដោយ​​ក្រុមហ៊ុន​ ព្រូដិនសល​កម្ពុជា។”​

កម្មវិធី​អប់រំ​បន្ទាប់របស់​ក្រុមហ៊ុន​ ព្រូដិនសល​កម្ពុជា​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៩ ខែ​មិថុនា​ ក្នុង​ខេត្ត​សៀមរាប​៕

Back to Top