ក្រោមការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចាប់ផ្តើមរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សេវាធានារ៉ាប់រងអាយុជីវិតដែលនឹងប្រព្រឹត្តទៅនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣នេះ។

រាជ​ធានី​ភ្នំពេញ​, កម្ពុជា ថ្ងៃទី​ ០៦ ខែ​ មេសា ឆ្នាំ២០១៣៖ ក្រោមការគាំទ្រពី  ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ ព្រូដិនសល​កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិផ្តាច់មុខនៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ចាប់ផ្តើមរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយ​ ​អំពី​អត្ថប្រយោជន៍​នៃ​សេវាធានា​រ៉ាប់​រង​អាយុ​ជីវិតដល់ប្រជា​ជន​កម្ពុជា ​ស្រប​ទៅនឹង​គោល​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់​ព័ត៌មាន​ដែល​មាន​សារប្រយោជន៍​ អំពី​ផលិត​ផលធានារ៉ាប់រង​អាយុជីវិតដល់​ទីផ្សារ​កម្ពុជា។ ក្រុមហ៊ុន​ព្រូដិសល ​កម្ពុជា បាននិងកំពុង​រៀប​ចំសិក្ខា​សាលា​វគ្គអប់រំផ្សព្វផ្សាយ​នេះ​នៅតាម​ទីក្រុង​ និង​តាម​ខេត្ត​ផ្សេង​ៗមួយ​ចំនួននៅ​​ក្នុង​ប្រទេស​កម្ពុជា​​ក្នុង​ឆ្នាំនេះ។​

​វគ្គអប់រំផ្សព្វផ្សាយ​អំពីសេវា​ធានា​រ៉ាប់រង​អាយុ​ជីវិតលើកទីមួយ បាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃ សៅរ៍​ ទី​០៦ ខែ​មេសា ឆ្នាំ ២០១៣ នៅ​ឯសណ្ឋាគារ​ កាំបូឌីយ៉ាណា ក្នុង​ក្រុង​ភ្នំពេញ។ ប្រជា​ជន​មកពី​គ្រប់​មជ្ឍដ្ឋាន​ចំនួន​ជាង​១០០នាក់ បាន​មកចូលរួម​នៅក្នុង​ព្រឹត្តិការណ៍នេះ។

តាម​រយៈវគ្គអប់រំផ្សព្វផ្សាយ​នេះ ក្រុមហ៊ុន​ព្រូដិនសលកម្ពុជា មាន​គោល​បំណង​អប់រំផ្សព្វផ្សាយដល់អតិថិជន​ អំពី​អត្ថ​ប្រយោជន៍​នៃសេវាធានារ៉ាប់រង​អាយុជីវិត​ និង​បង្ហាញ​ពួកគេ​អំពីការ​​ដែល​ក្រុមហ៊ុន​ព្រូដិនសលកម្ពុជា អាចជួយ​ពួកគេ​ក្នុងការ​រៀប​ចំ​ផែនការ​ហិរញ្ញវត្ថុ​ថ្ងៃ​​អនាគត​​ តាមរយៈ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិតរបស់​ពួកគេ។  ទាក់ទងទៅនឹងវគ្គអប់រំផ្សព្វផ្សាយនេះ  ឯកឧត្តម ម៉ី វ៉ាន់ ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍ថា “គ្មានអ្វីគួរឲ្យសង្ស័យនោះទេដែលថាសេវា​ធានារ៉ាប់​រង​អាយុជីវិត​ នឹង​ដើរ​តួនាទីសំខាន់ក្នុងការ​ជួយ​គ្រួសារ​កម្ពុជា​ ក្នុង​ការការពារ​មនុស្ស​ជាទីស្រលាញ់រ​បស់​ខ្លួន​​ ឲ្យទទួលបាន​ការសន្សំប្រាក់​សម្រាប់​អនាគត​កូនៗរបស់​ពួកគេ។​ ផលិតផល​​ធានារ៉ាប់រង​អាយុជីវិត​ គឺជាផលិតផល​ការ​ពារហិរញ្ញវត្ថុ​រយៈពេលវែងមួយ ដែល​យើង​នឹង​ណែនាំដល់​ក្រុមគ្រួសារទាំង​អស់ ឲ្យយកមក​ពិចារណា។​​ ក្នុងនាមជា​បញ្ញតិ្តករធានារ៉ាប់រង​អាយុជីវិត​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មានបំណងធ្វើយ៉ាងណាឲ្យមាន​វគ្គអប់រំផ្សព្វផ្សាយដ៏សមស្រប ដើម្បីផ្សព្វផ្សាយ​ជូនដល់ប្រជាពលរដ្ឋ ស្តីពី​សេវាធានារ៉ាប់​រងអាយុជីវិត​នៅក្នុង​ប្រទេស​កម្ពុជា ​​ដោយការ​ចូលរួមពី​​​គ្រប់​ផ្នែកដែល​ពាក់ព័ន្ធ ​ ដូច​ដែល​មានការបង្ហាញឡើង​តាមរយៈ​វគ្គអប់រំផ្សព្វផ្សាយដែលរៀបចំដោយ ក្រុមហ៊ុនព្រូដិនសល កម្ពុជា "។

 

វគ្គអប់រំផ្សព្វផ្សាយ​​នាថ្ងៃ​ ០៦ ខែ មេសា ឆ្នាំ ២០១៣ នេះគឺ​ជា​វគ្គ​ទី១ ​ក្នុង​ចំណោមវគ្គទាំង​១៤ ដែល​ក្រុមហ៊ុនព្រូដិនសលកម្ពុជា​ នឹង​រៀបចំឡើងនៅក្នុង​រយៈពេល​៧ខែ​បន្ត​បន្ទាប់ នៅទូទាំង​ក្រុង​ភ្នំពេញ ខេត្តបាត់​ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និង ខេត្តកំពង់ចាម ។ កម្មវិធី​បន្ទាប់​នឹងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​ ០៤ ខែ ឧសភា ឆ្នាំ ២០១៣ ក្នុង​ ខេត្ត បាត់ដំបង។​

Back to Top