ព្រូដិនសល កម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សព្វផ្សាយសេវាធានារ៉ាប់រងអាយុជីវិតនៅតាមបណ្តាខេត្ត

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ​បើក​វគ្គ​អប់រំផ្សព្វ​ផ្សាយ​​សេវាធានា​រ៉ាប់រង​អាយុជីវិតក្នុង​ខេត្ត​បាត់ដំបងបន្ទាប់​ពី​​​​រាជ​ធានីភ្នំពេញ

ខេត្ត​បាត់ដំបង​, កម្ពុជា ថ្ងៃទី​ ០៤ ខែ​ឧសភា ឆ្នាំ២០១៣៖ ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធដែល​ជា​កម្មសិទ្ធិ​ផ្តាច់មុខនៃ​ក្រុមហ៊ុន​ព្រូដិនសល ភីអិល​ស៊ី (Prudential Plc) ដែល​មាន​មូល​ដ្ឋាន​នៅចក្រភព​អង់​គ្លេស​ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ រៀប​ចំវគ្គអប់រំផ្សព្វផ្សាយ​​សេវា​ធានា​រ៉ាប់​រង​អាយុជីវិតដល់​ប្រជាជន​ក្នុង​ខេត្ត​បាត់ដំបង។
 

នេះគឺ​ជាវគ្គអប់រំផ្សព្វផ្សាយ​តាមខេត្តលើក​ដំបូង បន្ទាប់ពីបាន​ធ្វើ​នៅ​ក្នុង​រាជធានីភ្នំពេញកាលពីខែមេសា។​ ដោយស្រប​ទៅនឹង​គោល​បំណង​របស់​ក្រុមហ៊ុន ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដែល​មាន​សារ​ប្រយោជន៍​អំពី​ផលិត​ផល​ធានារ៉ាប់​រង​អាយុជីវិត​ដល់​ប្រជាជន​​កម្ពុជា ក្រុមហ៊ុន ព្រូដិនសល​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ នឹង​រៀ​បចំ​សិក្ខា​សាលា​អប់រំ​ផ្សព្វផ្សាយ​នេះ​ជា​បន្តបន្ទាប់នៅតាម​ទីក្រុង​ និង​តាម​ខេត្ត​​ផ្សេងៗ​​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ។​
  
វគ្គអប់រំផ្សព្វផ្សាយ​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃសៅរ៍ ​ទី៤ ខែ​ឧសភា​ នៅ​ឯសណ្ឋា​គារ​ ខេមរា​ បាត់ដំបង​១ ក្នុង​ខេត្ត​បាត់​ដំបង។​ ប្រជាជន​​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ចំនួន​ជាង ​១០០នាក់ ​បាន​មក​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ។
  
លោក​ Pankaj Banerjee អគ្គនាយក​​ក្រុមហ៊ុន​ ព្រូដិនសល​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​ថា “ការធានា​រ៉ាប់រង​អាយុ​ជីវិត​ គឺ​ឈរ​លើ​​​គោលការណ៍ការពារ​ហិរញ្ញវត្ថុសម្រាប់​ក្រុមគ្រួសារ។ ដូច្នេះ គ្រួសារទាំង​អស់​ដែល​មាន​ប្រាក់​ចំណូល ​​ទោះ​ជា​នៅទីន្លែង​ណា​ក៏ដោយ ​ចាំ​បាច់ត្រូវ​មាន​​​ការ​ធានា​រ៉ាប់រង​អាយុជីវិត​​។​ ​​យើង​មាន​ក្តីរីករាយ​ដោយ​​ឃើញប្រជា​ជន​នៅ​តាម​ខេត្ត​មាន​​​ការ​ចាប់​អារម្មណ៍​​ខ្លាំងចំពោះ​វគ្គ​អប់រំ​ផ្សព្វផ្សាយនេះ​”។
 
លោក​បន្តថា “យើង​នៅតែ​ប្តេជ្ញា​​លើក​កម្ពស់​ការយល់​ដឹង​ អំពីសេវា​ធានា​រ៉ាប់​រង​អាយុជីវិត​ដល់​​ប្រ​ជា​ជននៅ​គ្រប់​តំបន់ និង​តាមបណ្តាខេត្ត​​ ហើយ​យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ចំពោះការគាំ​ទ្រ​ និង​ការចូលរួម​នៅ​ក្នុង​​វគ្គ​អប់រំផ្សព្វផ្សាយ​នេះ​ផងដែរ​​។"​
 
តាម​​រយៈវគ្គអប់រំផ្សព្វផ្សាយ​នេះ ក្រុមហ៊ុន​ព្រូដិនសលកម្ពុជា មាន​គោល​បំណង​អប់រំផ្សព្វ​ផ្សាយដល់អតិថិជន​នៅតា​មបណ្តាខេត្ត អំពី​អត្ថ​ប្រយោជន៍​នៃសេវាធានារ៉ាប់រង​អាយុជីវិត​ និងការ​​បង្ហាញ​​អំពីការ​​​រៀប​ចំ​ផែនការ​ហិរញ្ញវត្ថុ​នាថ្ងៃ​​អនាគត​​ តាមរយៈ​ផលិតផល​ធារ៉ាប់រង​​ ​អាយុជីវិតរបស់​ពួកគេ។  សិក្ខា​កាម​នឹង​​ទទួល​​បាន​​នូវ​​​ការ​​​យល់​​ដឹង​​កាន់​​តែ​ច្បាស់​បន្ថែម​​ទៀត​​ អំពី​​ផលិត​ផល​​ធានា​រ៉ាប់​រង​​អាយុ​​ជីវិ​ត​​​​របស់​​​ក្រុមហ៊ុន​ព្រូដិន​សលកម្ពុជា​ ​ដែល​មាន​ឈ្មោះថា PRU​គ្រួសារ​ខ្ញុំ​ "PRUmy Family" និងការ​ទទួល​បាន​អត្ថប្រយោជន៍ដ៏ពិសេសរបស់​អតិថិជបន្ទាប់​​ ពី​ការ​ជាវប័ណ្ណសន្យារ៉ាប់​រងនេះ​​ផងដែរ។
 
ទាក់ទងទៅនឹងវគ្គអប់រំផ្សព្វផ្សាយនេះ  ឯកឧត្តម ម៉ី វ៉ាន់ ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍ថា “គ្មានអ្វីគួរឲ្យសង្ស័យនោះទេដែលថា សេវា​ធានារ៉ាប់​រង​អាយុជីវិត​នឹង​ដើរ តួនាទីសំខាន់ ក្នុងការ​ជួយ​គ្រួសារ​កម្ពុជា​ នៅតាម​បណ្តា​ខេត្ត​ ក្នុង​ការការពារ​មនុស្ស​ជាទីស្រលាញ់រ​បស់​ខ្លួន​​ នឹងការសន្សំប្រាក់​សម្រាប់​អនាគត​កូនៗរបស់​ពួកគេ។​ ផលិត​ផល​​ធានារ៉ាប់រង​អាយុជីវិត​គឺជាផលិតផល​ការ​ពារហិរញ្ញវត្ថុ​រយៈពេល​វែងមួយ ដែល​យើង​ផ្តល់អនុសាសន៍ដល់​ក្រុមគ្រួសារទាំង​អស់ឲ្យយកមក​ពិចារណាទាំង​អ្នក​រស់នៅ​តាម​ខេត្ត​ ទាំង​អ្នក​នៅ​រាជធានីភ្នំពេញ និង​ទីក្រុង​ដទៃ​ទៀត​​។​​
 
ក្នុងនាមជា​បញ្ញតិ្តករធានារ៉ាប់រង​អាយុជីវិត​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មានបំណងធ្វើយ៉ាងណាឲ្យមាន​វគ្គអប់រំ ផ្សព្វផ្សាយដ៏សមស្រប ដើម្បីផ្សព្វផ្សាយ​ជូនដល់​ប្រជាពលរដ្ឋ ស្តីពី​សេវាធានារ៉ាប់​រងអាយុជីវិត​នៅក្នុង​ប្រទេស​កម្ពុជា ​​ដោយការ​ចូលរួមពីវិស័យឧស្សាហកម្មនេះ​ដែល​ពាក់ព័ន្ធ ​ ដូច​ដែល​មានការបង្ហាញឡើង​តាមរយៈ​វគ្គអប់រំផ្សព្វផ្សាយ ដែលរៀបចំដោយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា ។

Back to Top