ភាសាខ្មែរ
សូមជ្រើសរើសភាសា
បណ្ដុំសារព័ត៌មាន

ព្រូដិនសលកម្ពុជា និង ធនាគារ ភ្នំពេញ ពាណិជ្ជ សហការគ្នាដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការការពារហិរញ្ញវត្ថុសម្រាប់ពលរដ្ឋកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ -  នាថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះនឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ​ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។ ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានតាមរយៈបណ្ដាញ និង​សាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង

 

ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋាន      ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។

លោក​ ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា ៖ «ការចែកចាយផលិតផលធានារ៉ាប់រងតាមរយៈធនាគារ គឺមិនអាចខ្វះបាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការរីកចម្រើន។​ ភាពជាដៃគូរវាងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងពិតជាមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍ទាំងសងខាង ដោយក្រុមហ៊ុនធានារ៉ាប់រងទទួលបានកំណើននៃការលក់ ​និង ចំពោះធនាគារអាចជួយឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវការការពារកម្ចីរបស់ធនាគារតាមរយៈផលិតផលធានារ៉ាប់រងផងដែរ។»​

លោក ហេង បូមករា មានប្រសាសន៍ថា ៖«​ការរៀបចំពិធីនាថ្ងៃនេះគឺជាសក្ខីភាពដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រតិបត្តិការវិស័យធនាគារ និងវិស័យមិនមែនធនាគារ។ ពោលគឺរវាង ធនាគារ ភីភីស៊ីប៊ែង និង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា  ដែលកិច្ចសហការនេះជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។»

លោក Sanjay Chakrabarty នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា៖​ «នៅក្រុមហ៊ុន​ ព្រូដិនសលកម្ពុជា គោលបំណងរបស់យើង គឺជួយប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ។ ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានអនុម័តផ្ដល់ប្រាក់សំណងសរុបចំនួន ១១,១​ លានដុល្លារ និងបានផ្ដល់ការការពារហិរញ្ញវត្ថុជូនម្ចាស់បណ្ណសន្យារ៉ាប់រងចំនួនជាង ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)។ ការផ្ដល់ប្រាក់សំណងទាំងអស់នេះបានជួយដល់ក្រុមគ្រួសារកម្ពុជា ក្នុងការស្តារស្ថានភាពគ្រួសាររបស់ពួកគេ បន្ទាប់ពីមានហេតុការណ៍អកុសលបានកើតឡើង។ ជំងឺរាតត្បាតជាសកលកូវីដ-19 កំពុងបន្តកើតឡើង ខណៈដែលអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលបំណងរបស់យើងគឺកាន់តែចាំបាច់ និងបន្ទាន់ជាងពេលណាៗ ទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា។»

លោក Sanjay Chakrabarty បានបន្ថែមទៀតថា៖ «ក្នុងនាមជាអ្នកការពារផ្នែកសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនធនាគារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការណែនាំដល់អតិថិជនអំពីការការពារ និងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ យើងមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូ​ជាមួយធនាគារ​ ភីភីស៊ីប៊ែង ហើយយើងទន្ទឹងរង់ចាំជួយការពារសុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជនពួកគេផងដែរ។»​

នាយកប្រតិបត្តិ ធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា៖ «ធនាគារ ភីភីស៊ីប៊ែង តែងតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្កិការ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការជាមួយដៃគូដែលត្រឹមត្រូវ អាចជួយឲ្យយើងនាំយកផលិតផលពិសេសៗ និងផ្ដល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ចាប់ពីថ្ងៃនេះតទៅ តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា យើងនឹងអាចជួយគាំទ្រអតិថិជនរបស់យើង ដោយបំពេញទាំងតម្រូវការការពារ និងតម្រូវការសន្សំ ដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលយូរអង្វែង។»​

ភាពជាដៃគូរវាង ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានគូសបញ្ជាក់ពីភាពរស់រវើក និងរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងចក្ខុវិស័យឈានមុខ ដែលជាភាពទាក់ទាញសម្រាប់ទិសដៅលើការវិនិយោគរយៈពេលវែង។ 

 

អំពីធនាគារភីភីស៊ីប៊ែង (PPCBank)

ធនាគារ​ ភីភីស៊ីប៊ែង​ គឺ​​ជា​ធនាគារ​របស់ប្រទេសកូរ៉េខាងត្បូងមួយ​ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៨​ ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធមួយនៃក្រុមហ៊ុន JB Financial Group និងក្រុមហ៊ុន Apro Financial Co។ ធនាគារ​ ភីភីស៊ីប៊ែង កំពុង ធ្ចើប្រតិបត្ដិការនៅទូទាំងប្រទេសកម្ពុជាតាមរយៈសាខាចំនួន ១៦​​ សាខានៅរាជធានីភ្នំពេញ និងសាខាចំនួនប្រាំពីរ នៅតាមបណ្ដាលខេត្តសំខាន់ៗមួយចំនួន និងមាន​ទូ ATM ចំនួន ៦៥។ ធនាគារ​ ភីភីស៊ីប៊ែង​ ធនាគារ​ភីភីស៊ីប៊ែង​​បាន​ផ្តល់​ជូន​សេវា​ធនាគារ​ដែល​រួម​មាន​ទាំង​សេវាធនាគារ​លក្ខណៈ​ប្រពៃណី​ និង​បែប​ឌីជីថល​រាប់​បញ្ចូល​ទាំង​សេវា​ប្រាក់​បញ្ញើ ឥណទាន ​សេវាកម្ម​ឌីជីថល​ smartBiz និង​សេវាប្រឹក្សាយោបល់​អតិថិជន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​សាខាផងដែរ​​។​

ក្នុងឆ្នាំ ២០២០ ធនាគារ​ ភីភីស៊ីប៊ែង​ បានចុះបញ្ជីមូលបត្រក្រុមហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា។

ធនាគារ​ ភីភីស៊ីប៊ែង​ ចូលរួមគាំទ្រយ៉ាងសកម្មក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR Initiative) ដោយក្លាយ​ជា​ធនាគារ​ដំបូង​បង្អស់​ដែល​បាន​ផ្តួច​ផ្តើម​​គំនិត​ក្នុង​ការ​លើក​កម្ពស់​​​​​បុគ្គលិក​ដែល​មាន​ពិការភាព ​តាម​រយៈ​កិច្ច​សហការ ​​​​និង​អនុញ្ញាតិ​​ឲ្យ​មាន​​​ហាង​កាហ្វេ Socials Coffee ​នៅ​ក្នុង​អគារការិយាល័យ​​របស់​ខ្លួន​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក៏បានគាំទ្រដល់អង្គការបោសសម្អាតមីននៅកម្ពុជា ដូចជា អង្គការ APOPO និង អង្គការ «HeroRATs» ដែលកំពុងធ្វើការបោសសម្អាតមីន ដើម្បីលុបបំបាត់មីននៅកម្ពុជា។

 

អំពីក្រុមហ៊ុនព្រូដិនសល​កម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការ​អតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។​ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។  ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។

*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមាន​ទំហំ​អាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។​ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់​ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិ​ថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន   ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc)​ ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន​ (Prudential Assurance​ Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។