ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងព្រឹត្តិការណ៍មហាសន្និបាតប្រចាំឆ្នាំ ២០១៧ របស់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត “Annual LIC Mega Conference”

pr

pr1

pr2

pr3

pr4

pr
pr1
pr2
pr3
pr4

ភ្នំពេញ ថ្ងៃទី ២១ មករា ឆ្នាំ២០១៧៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត “Annual LIC Mega Conference” នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃសៅរ៍ ទី២១ មករា ឆ្នាំ ២០១៧ ដើម្បីអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នាឆ្នាំកន្លងមក ក៏ដូចជាដាក់ចុះនូវយុទ្ធសាស្រ្ត និងទិសដៅសម្រាប់ឆ្នាំ ២០១៧ ផងដែរ។

មហាសន្និបាតប្រចាំឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏ដូចជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត សរុបប្រមាណ ៦០០នាក់ ហើយក្នុងនោះថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់បានចែករំលែកនូវយុទ្ធសាស្រ្ត បទពិសោធន៍ និងចំណេះបន្ថែមទៀតអំពីសេវា ធានារ៉ាប់រងអាយុជីវិត ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នា ក្រោមបរិយាកាសដ៏សប្បាយរីករាយ ។

លោក ឈឿង គីរីរ័ត្ន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីនេះ ជាកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០១៧ ដែលយើងធ្វើឡើងក្នុងអត្ថន័យបញ្ជាក់អំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ទៅលើក្រុមទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើងខ្ញុំ ដែលពួកគាត់ខិតខំប្រឹងប្រែងពន្យល់ ធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងយល់អំពីផលិតផលធានារ៉ាប់រងអាយុជីវិតនេះ ។”

លោកបានបន្ថែមទៀតថា “នៅបច្ចុប្បន្ននេះ ការយល់ដឹងអំពីផលិតផលធានារ៉ាប់រងអាយុជីវិត គឺនៅមានកម្រិតនៅឡើយ ដូច្នេះហើយ ទើបយើងត្រូវការមានទីប្រឹក្សាធានារ៉ាប់រងឲ្យច្រើន ដើម្បីឲ្យគាត់ជួយផ្សព្វផ្សាយទៅដល់សាធារណជនបានកាន់តែច្រើន ។ ក្រុមហ៊ុនរបស់យើងខ្ញុំមានពេលថ្ងៃនេះ មានអតិថិជនច្រើនដូច្នេះ ក៏ដោយសារស្នាដៃរបស់ពួកគាត់ដែរ ។”

លោកស្រី ឃុយ សូហ្វី ជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតម្នាក់ បានបង្ហាញក្តីរីករាយ និងមានប្រសាសន៍ថា “នាងខ្ញុំមានអារម្មណ៍រំភើបមែនទែនតែម្តង ពីព្រោះក្នុងរយៈពេលបីឆ្នាំដែលនាងខ្ញុំបានចូលរួមជាមួយក្រុមហ៊ុន ព្រូដិនសល ឆ្នាំនេះហើយដែលជាកម្មវិធីដ៏អស្ចារ្យមែនទែន ។ ក្រុមហ៊ុនគាត់ដឹងពីទុក្ខធុរៈរបស់ក្រុមគ្រួសារយើងទាំងអស់ ។ គាត់ដឹងថាពួកយើងធ្វើការហត់នឿយ ដូច្នេះគាត់មានរៀបចំកម្មវិធីសម្រាប់លើកទឹកចិត្តពួកយើងដែរ ។”

ចំណែក លោក រស់ ភារី ជានាយកផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតម្នាក់ទៀត ដែលបានចូលរួមក្នុងកម្មវិធី Annual LIC Mega Conference ដែរនោះ បាននិយាយថា “សារៈសំខាន់នៃកម្មវិធីនេះ គឺទីមួយ ទីប្រឹក្សាយើងទាំងអស់ដែលបានចូលរួមបានស្គាល់គ្នា ។ ក្នុងនាមជាអ្នកធ្វើការជាមួយគ្នា យើងត្រូវស្គាល់គ្នាទៅវិញទៅមក និងរក្សាទំនាក់ទំនងល្អ ទីពីរ ក្រុមហ៊ុនបានបង្ហាញពីឱកាសផ្សេងៗ ក៏ដូចជាការលើកទឹកចិត្តពីក្រុមហ៊ុនផងដែរ ដូចជា ការប្រកួតប្រជែងដើម្បីឈ្នះដំណើរកំសាន្តទៅបរទេស ឬក្នុងស្រុកជាដើម ។ លើសពីនោះទៅទៀត យើងមានកម្មវិធីសប្បាយៗទាំងអស់គ្នា ដោយមានការញ៉ាំអាហារពេលល្ងាច និងរាំច្រៀងទៀតផង ។”

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ មក និងបានបម្រើអតិថិជនកម្ពុជារាប់ម៉ឺននាក់ នៅទូទាំងប្រទេស ឲ្យទទួលបានការការពារហិរញ្ញវត្ថុក្រុមគ្រួសារ តាមរយៈសេវាធានារ៉ាប់រងអាយុជីវិតដែលត្រឹមត្រូវ និងគួរជាទីទុកចិត្តបំផុត ។

 

Back to Top