ក្រុមហ៊ុនព្រូដិនសល (PRUDENTIAL) បើកប្រតិបត្តិការសេវាធានារ៉ាប់រងអាយុជីវិតដោយចាប់ដៃគូ ជាមួយនឹងធនាគារអេស៊ីលីដា

ភ្នំពេញ: ក្រុមហ៊ុនព្រូដិនសល (PRUDENTIAL) បានបើកប្រតិបត្តិការសេវាធានារ៉ាប់រងអាយុជីវិត

នៅប្រទេស កម្ពុជាដោយបង្កើត ភាពជាដៃគូចែកចាយយុទ្ធសាស្រ្តរយៈពេលវែងជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី។

លោក Barry Stowe អគ្គនាយកប្រតិបត្តិរបស់សាជីវកម្ម PRUDENTIAL ប្រចាំតំបន់អាស៊ីបានមាន ប្រសាសន៍នៅក្នុងពិធី សម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុន PRUDENTIAL នៅសណ្ឋាគារ អ៊ិនធើកុងទីណង់តាល់ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ កន្លងមកនេះថា ក្រុមហ៊ុន Prudential Corporation Asia ដែលជាផ្នែកនៃក្រុមហ៊ុន Prudential (Cambodia) Plc. ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស ដែលប្រកាសចាប់ផ្តើមប្រតិបត្តការសេវាធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជាតាមរយៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL កម្ពុជាដែលហៅកាត់ថា (Prudential Cambodia) ដែលជា សាខារបស់ខ្លួន ក្រុមហ៊ុន PRUDENTIAL នឹងចាប់ ផ្តើមផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជា។

លោកបន្តថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន PRUDENTIAL នៅតំបន់អាស៊ីដែលចាប់ ផ្តើមប្រតិបត្តិការនៅ កម្ពុជា។ លោកបន្តទៀតថា វិស័យធានារ៉ាប់រងអាយុជីវិតគឺជាយុទ្ធសាស្រ្តដ៏សំខាន់ មួយសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមជាតិ។

លោក Barry Stowe បានបញ្ជាក់ថា យើងប្តេជ្ញាសហការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដែគូរបស់យើងគឺ ធនាគារ អេស៊ីលីដា ដើម្បីអភិវឌ្ឍន៍វិស័យនេះ និងជួយដល់ពលរដ្ឋកម្ពុជាក្នុងការការពារ ក្រុមគ្រួសាររបស់ពួកគេ និងកសាង អនាគតមួយដែលមានស្ថានភាពហរិញ្ញវត្ថុយ៉ាងរឹងមំា។

លោកអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ភាពជាដៃគូនេះជា ការបោះជំហានទៅមុខ មួយទៀតរបស់ធនាគារ អេស៊ីលីដា ក្នុងកិច្ចខិតខំអភិវឌ្ឍន៍វិស័យសេវាកម្មហរិញ្ញវត្ថុ។ លោកបន្តថា ធនាគារ អេស៊ីលីដា បានត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនព្រូដិនសល ដើម្បីបំពេញតំរូវការចែកចាយបូករួមជាមួយនឹងឯកទេសរបស់ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតដ៏ធំប្រចាំតំបន់អាស៊ី ដែលមានបទពិសោធន៍ផ្តល់សេវា ធានារ៉ាប់រងតាមរយៈធនាគារ អេស៊ីលីដា ដើម្បីពង្រីក ដល់ការផ្តល់ជូនសេវាកម្មរបស់យើងដល់អតិថិជន។

លោកអ៊ិន ចាន់នី បានមានប្រសាសន៍បន្តថា ការដែលធនាគារចាប់ដៃគូជាមួយក្រុមហ៊ុនព្រូដិនសល (PRUDENTIAL) នោះ ក៏ព្រោះតែក្រុមហ៊ុននេះឈានមុខគេក្នុងវិស័យធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុ លំដាប់ពិភពលោកក្នុងការផ្តល់ជូន អតិថិជនរបស់យើង ក៏ដូចជាប្រជាពលរដ្ឋទំាងអស់ជាមួយនឹងសេវាកម្ម្ និងផលិតផលធានារ៉ាប់រងអាយុជីវិតលំដាប់ពិភព លោកតាមរយៈបណ្តាញ ធនាគារ អេស៊ីលីដា។

លោក Pankaj Banerjee ជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនព្រូដិនសល បានលើកឡើងថា ដោយចាប់ដៃគូធ្វើការ យ៉ាងជិតស្និទ្ធជាមួយធនាគារ អេស៊ីលីដា យើងនិងអាចប្រើប្រាស់នូវបទពិសោធន៍ ជាង៩០ឆ្នាំ របស់យើងនៅអាស៊ីរួមគ្នា និង ចំណេះដឹងគ្មានគូប្រៀបរបស់ធនាគារ អេស៊ីលីដា អំពីទំហំទីផ្សារក្នុងស្រុកដើម្បីបង្កើតនូវសេវាកម្មដែលសមស្របទៅនឹង តំរូវការផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។ លោកជឿជាក់ថា ក្រុមហ៊ុនព្រូដិនសល (PRUDENTIAL) ទំនាក់ទំនងជាមួយ ធនាគារ អេស៊ីលីដា នឹងទទួលបានជោគជ័យ។

Back to Top