បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បរិច្ចាគជួយដល់កុមារទីទ័លក្រីក្រ

PSE

PSE

រាជធានីភ្នំពេញថ្ងៃទី 01 ខែមិថុនា ឆ្នាំ2014៖​ បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឯកភាពគ្នាដើម្បីជួយកុមារទីទ័លក្រីក្រនៅក្នុង ព្រះរាជាណាចក្រកម្ពុជាដោយបានលះបង់ពេលវេលា បរិច្ចាគថវិកា និងសម្ភារផ្ទាល់ខ្លួនចែកជូនដល់កុមារដែលក្រីក្រ ។

កម្មវិធីអំណោយសប្បុរសធម៌ ដែលត្រូវបាន ដឹកនាំដោយថ្នាក់គ្រប់គ្រងរបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នេះត្រូវបានផ្ដួចផ្ដើមដោយ បុគ្គលិករបស់ក្រុមហ៊ុនផ្ទាល់ ។

លោក ទូច ថាវរិទ្ធ ប្រធានទទួលបន្វុកកិច្ចការទំនាក់ទំនងរដ្ឋាភិបាល នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា ៖ “ថ្ងៃនេះគឺជា កិត្តិយសដ៏ធំធេងណាស់ដែលបុគ្គលិករបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា យើងបានមូលមតិគ្នាដើម្បីយកអ្វីដែលយើងប្រមូលបានមាន ដូចជា សម្ភារក្មេងលេង សម្ភារជាសម្លៀកបំពាក់ដែលប្រើប្រាស់ហើយសម្រាប់កុមារ និងក្មេងធំ និងមានជាថវិកាដែលយើងបានទិញ ជាអង្ករជូនទៅដល់ពួកគាត់ដែលរស់នៅក្នុង PSE (Pour Un Sourire d’Enfant) ។ យើងគិតថានេះគឺជាការចូលរួមដល់សង្គមដែល ពួកយើងជាប្រជាពលរដ្ឋកម្ពុជាដូចគ្នាចង់ជួយទៅដល់កុមារដែលខ្វះខាត និងជួបប្រទះការលំបាក។”

បុគ្គលិកក្រុមហ៊ុន ព្រូដិនសល ជាង 50 នាក់ បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ ដោយបានលះបង់ពេលវេលាបរិច្ចាគថវិកា និង សម្ភារផ្សេងៗដល់កុមារនៅឯអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)

នាយកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា លោក ណារ៉ាត់ វាសនា មានប្រសាសន៍ថា ៖ “យើងពិតជាមាន មោទនភាពខ្លាំងណាស់ចំពោះបុគ្គលិករបស់យើងទាំងអស់គ្នា ដែលគាត់បានប្រមូលផ្តុំគ្នា ហើយផ្ដួចផ្ដើមទៅជាគំនិតសកម្មភាព មនុស្សធម៌នេះឡើង ដែលសកម្មភាពនេះគឺសមស្របទាំងស្រុងទៅនឹងគោលគំនិតរបស់ក្រុមហ៊ុនយើង។ ហើយក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ព្រូដិនសលកម្ពុជា យើងគឺធ្វើយ៉ាងណាផ្តល់នូវការគាំទ្រទាំងផ្នែកស្មារតីក្តី ទាំងផ្នែកពេលវេលា ក៏ដូចជាធនធានផ្សេងៗ ធ្វើយ៉ាងណាជួយឲ្យពួកគាត់អាចសម្រេចបាននូវសកម្មភាពនោះ។”

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលមានពាក្យស្លោករបស់ខ្លួនថា “តែងតែស្តាប់អ្នក តែងតែយល់ពីអ្នក” បានចូលរួមចំណែកទទួលខុស ត្រូវក្នុងកិច្ចការសង្គមយ៉ាងម៉ត់មាំ។

កាលពីដើមឆ្នាំនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្រោមការគាំទ្រពី មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សាជីវកម្ម ព្រូដិនសល ប្រចាំតំបន់អាស៊ី និងដោយ មានការចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ឱកាសដល់កុមារកម្ពុជា រាប់ម៉ឺននាក់ចាប់ពីពេលកើតរហូតដល់អាយុ 6ឆ្នាំនៅក្នុងខេត្តចំនួន3 គឺកំពង់ចាម ព្រៃវែង និងក្រចេះ ដើម្បីចាប់ផ្ដើមជីវិតដ៏ល្អប្រសើរ តាមរយៈកម្មវិធីអប់រំថ្មីមួយដែលអាចជួយពង្រឹងបំណិនមូលដ្ឋានលើផ្នែកអក្ខរកម្ម និងលេខនព្វន្តហៅថាកម្មវិធី”អំណានដំបូង”
(First Read) ដោយសហការជាដៃគូជាមួយអង្គការ Save the Children

Back to Top